ការស្រាវជ្រាវ៖ ភ្ញៀវទេសចរអន្តរជាតិ ឆ្លើយថា មានកត្តាធំៗ២ ដែលទាក់ទាញពួកគេឱ្យមកកាន់កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងទេសចរណ៍ បង្ហាញថា ផ្អែកតាមការសិក្សាស្រាវជ្រាវ ឃើញថា មានកត្តាធំៗចំនួន២ ដែលទាក់ទាញឱ្យមកកាន់កម្ពុជា ដោយក្នុងនោះ មានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ៤៩% បានឆ្លើយថាកត្តាដែលទាក់ទាញពួកគេឱ្យមកកាន់កម្ពុជាគឺ “ប្រាសាទអង្គរវត្ត” និង ៦២% បានឆ្លើយថា “កត្តាមនុស្ស”។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងទេសចរណ៍ នៅរសៀលថ្ថៃទី៣១ ខែមីនា ឆ្នាំ២០២៣ បានប្រកាសថា  “ត្នោតមាស” (Golden Brown) គឺជាពណ៌ចម្បងក្នុងការជ្រើសយកមកប្រើប្រាស់ក្នុងនិមិត្តសញ្ញា នៃយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” នេះ ដែលតំណាងឱ្យទិដ្ឋភាព និងទេសភាពធម្មជាតិនាពេលព្រះអាទិត្យចាប់ផ្តើមរះ បរិយាកាសក្តៅល្មមៗ ប្រជាជនពោពេញដោយស្នាមញញឹមកក់ក្តៅ ស្រមោលចាំងពីពន្លឺនៃវប្បធម៌ដ៏រស់រវើកលើដែនដីសុវណ្ណភូមិ នៃព្រះរាជាណាចក្រកម្ពុជា។

ក្រសួងទេសចរណ៍ បានបន្តថា ផ្អែកតាមការសិក្សាស្រាវជ្រាវ ភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ៤៩% បានឆ្លើយថាកត្តាដែលទាក់ទាញឱ្យមកកាន់កម្ពុជាគឺ “ប្រាសាទអង្គរវត្ត” និង ៦២% បានឆ្លើយថា “កត្តាមនុស្ស” គឺជាកត្តាវិជ្ជមានរបស់កម្ពុជានៅពេលដែលពួកគេបានមកដល់ និងធ្វើដំណើរទស្សនកិច្ចកម្សាន្តរួចមក។ 

ដូច្នេះ ឈរលើលទ្ធផលនៃការសិក្សារទាំងនេះ ក្រសួងក៏សាកល្បងធ្វើការកំណត់ធាតុសំខាន់ៗ ដើម្បីឈានដល់ការរៀបចំនិមិត្តសញ្ញា ដូចខាងក្រោម៖១. ប្រាសាទអង្គរវត្ត មានក្បាច់ និងចម្លាក់លើជញ្ជាំងប្រាសាទ និងមានបាតុភូតធម្មជាតិព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទ ឬ បាតុភូតសមរាត្រី (Equinox) ២. ធាតុសំខាន់ៗ ដូចជា “ការរចនាក្បាច់ប្រាសាទ” និង “ពណ៌ត្នោត ដែលតំណាងឱ្យពណ៌របស់ប្រាសាទ” ៣. កត្តាមនុស្ស សំដៅដល់ ប្រជាពលរដ្ឋខ្មែរដែលផ្តល់នូវបដិសណ្ឋារកិច្ចយ៉ាងល្អ និងទទួលស្វាគមន៍ជាមួយស្នាមញញឹមពោរពេញដោយក្តីស្រលាញ់ និងកក់ក្តៅ ៤. ធាតុសំខាន់ៗ ដូចជា “បដិសណ្ឋារកិច្ចល្អ និងភាពកក់ក្តៅ”។

បើតាមក្រសួងទេសចរណ៍ បានអះអាងថាដែរថា ការរៀបចំនូវនិមិត្តសញ្ញារបស់យុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” គឺដើរស្របតាមខ្លឹមសារ ដូចខាងក្រោម៖១. យុទ្ធនាការផ្សព្វផ្សាយ “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ២. ផ្តល់ភាពកក់ក្តៅ” ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិបានទទួលស្គាល់ជ្រួតជ្រាបជាសកល​ – សាមញ្ញ ទាក់ទាញ និងងាយស្រួលក្នុងការប្រើប្រាស់បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង (ដែលជាហេតុយើងជ្រើសរើសយកពណ៌តែមួយ ៣. ទីផ្សារគោលដៅ ជាភ្ញៀវទេសចរ ពិសេសទីផ្សារទេសចរណ៍អន្តរជាតិ (ដែលជាហេតុយើងជ្រើសរើសយកពាក្យ និងភាសាអង់គ្លេស “Visit Cambodia 2023 – Every day is a Wonder”) ដែលនឹងជំរុញចិត្តរបស់ភ្ញៀវទេសចរឱ្យមកទស្សនាកម្សាន្តនៅកម្ពុជា៕ អត្ថបទ៖ ពិសី