សម្តេចតេជោ ហ៊ុន សែន បង្ហាញមោទកភាពចំពោះ អង្ករខ្មែរ ស្វាយចន្ទី និងម្រេច កំពុងធ្វើឱ្យពិភពលោកកាន់តែស្គាល់កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសម្ភពនៃមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ កាលព្រឹកថ្ងៃទី ២០ ខែមេសា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញមោទភាពលើផលិតផលសក្តានុពលសំខាន់ៗរបស់ខ្មែរចំនួន៣ រួមមាន៖ អង្ករខ្មែរ ស្វាយចន្ទី និងម្រេច កំពុងក្លាយជាផ្នែកមួយជួយធ្វើពិភពលោកកាន់តែស្គាល់កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា «អង្ករខ្មែរ»ត្រូវបាននាំចេញទៅប្រមាណ ៧៣ប្រទេសទូទាំងពិភពលោក ដែលជាផ្នែកមួយធ្វើឱ្យពិភពលោកកាន់តែស្គាល់កម្ពុជាកាន់តែច្បាស់ ខណៈដែលកន្លងមក កម្ពុជាត្រូវបានគេសឹងនឹងបំភ្លេចចោលទៅហើយ»។

សម្តេចតេជោបានបន្តដូច្នេះថា៖ «បច្ចុប្បន្នគេស្គាល់ខ្មែរតាមអី ទី១ គេស្គាល់ខ្មែរ តាមរយៈអង្ករខ្មែរ ព្រោះអង្ករខ្មែរចេញទៅប្រមាណ ៧៣ប្រទេសទូទាំងពិភពលោកយ៉ាងតិច ក្នុងនោះក៏មានគ្រាប់ស្វាយចន្ទី កំពុងចេញទៅតាមទីផ្សារអន្តរជាតិនានាដែរ ហើយក៏មានផលិតផលផ្សេងទៀតៗ ដូចជាម្រេច ទាំងម្រេចកំពត ម្រេចរតនៈគីរី ដែលគេស្គាល់ខ្មែរតាមលក្ខណៈភូមិសាស្រ្ត ទាំងនេះហើយដែលជាផ្នែកមួយធ្វើឱ្យពិភពលោកកាន់តែស្គាល់ខ្មែរ ខណៈដែលកន្លងមក កម្ពុជាត្រូវបានគេសឹងនឹងបំភ្លេចយើងចោលទៅហើយ»។

លើសពីនេះ សម្តេចតេជោអះអាងទៀតថា៖ «ចឹងទេកម្ពុជាពេលនេះ ពីកម្ពុជាពីសង្រ្គាមបែកបាក់ ទៅជាកម្ពុជាដែលមានសន្តិភាព និងពីកម្ពុជាដែលលក្ខណៈអន់ថយ មកពីកម្ពុជាមានវិញ កម្ពុជាយើង បើទោះបីជាមិនទាន់មាន ក៏ប៉ុន្តែកម្ពុជាគ្មានវិបត្តិម្ហូបអាហារ និងស្បៀងនោះដែរ»។

យ៉ាងណាមិញ ទោះជាផលិតផលសក្តានុពលទាំង៣នេះ កំពុងនាំចេញទៅកាន់ទីផ្សារពិភពលោកបានច្រើន និងជាផ្នែកមួយនាំធ្វើឲ្យពិភពលោកកាន់តែស្គាល់កម្ពុជាកាន់តែច្បាស់ក្តី ក៏សម្តេចតេជោ ហ៊ុន សែន នៅតែជំរុញឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តខិតខំពង្រីកសក្តានុពលលើផលិតផលខ្មែរជាច្រើនទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែខ្លាំងថែមទៀត៕ អត្ថបទ៖ ពិសី