ព្រឹកនេះ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីសម្ពោធសណ្ឋាគារ «សាន់ & មូន រីវើសាយ» ស្ពានអាកាសក្បាលថ្នល់ 

សង្គម​និង​សេដ្ឋកិច្ច

នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែមេសា នេះ  ឯកឧត្ដម នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នឹងអញ្ជើញជាអធិបតីសម្ពោធបើកឲ្យដំណើរការជាផ្លូវការ សណ្ឋាគារលំដាប់ផ្កាយ៥ «សាន់ & មូន រីវើសាយ»(SUN & MOON, Riverside Hotel) ដែលមានទីតាំងស្ថិតនៅជិតស្ពានអាកាស ព្រះមុនីវង្ស (ស្ពានអាកាសក្បាលថ្នល់) រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សណ្ឋាគារ SUN & MOON, Riverside Hotel ដែលបង្កើតឡើងដោយ អ្នកឧកញ៉ាបណ្ឌិត ជា រតនា គឺជាសណ្ឋាគារលំដាប់ផ្កាយ៥ ក្នុងស្រុក ដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរ  និងទទួលបានការវាយតម្លៃខ្ពស់កម្រិតស្តង់ដារ ដោយស្ថាប័នអន្តរជាតិថា ជាសណ្ឋាគារ មានការឌីហ្សាញ ស្រស់ស្អាតលំដាប់ពិភពលោក World Class Design Hotel ។ 

សណ្ឋាគារ «សាន់ & មូន រីវើសាយ» សាងសង់លើផ្ទៃដីចំនួន ១ម៉ឺនម៉ែត្រការ៉េ កម្ពស់២៣ជាន់ នៅជាប់នឹងមាត់ទន្លេបាសាក់ ដែលបង្កើតបានជាបរិយាកាស និងខ្យល់ទន្លេធម្មជាតិដ៏បរិសុទ្ធ។ អតិថិជន ដែលជ្រើសរើសសណ្ឋាគារ SUN & MOON, Riverside Hotel ជាជម្រើសផ្ទះទី២ នៃការស្នាក់នៅ ឬរៀបចំកម្មវិធីផ្សេងៗ ជាមួយដៃគូជីវិត គ្រួសារ និងក្រុមការងារ បង្កើតអនុស្សាវរីយ៍ដ៏មានន័យ។

គោលគំនិតនៃការសាងសង់របស់សណ្ឋាគារ SUN & MOON, Riverside Hotel បានបង្កប់នូវអត្ថន័យដ៏អស្ចារ្យ តាមរយៈស្ថាបត្យកម្មសំណង់សម័យទំនើប ព្រមទាំងបំពាក់នូវមុខងារបច្ចេកវិទ្យាបដិសណ្ឋារកិច្ចដ៏សម្បូរបែប អមដោយ ការរៀបចំដាំរុក្ខជាតិពណ៌បៃតងសឹងគ្រប់កន្លែង បានញឹងឱ្យ សណ្ឋាគារសាងសង់ឡើងដោយស្នាដៃកូនខ្មែរមួយនេះ ទទួលបានការសរសើរ និងដាក់ពិន្ទុខ្ពស់កម្រិតផ្កាយ ៥ មិនចាញ់សណ្ឋាគារនៅបរទេសដទៃទៀតឡើយ។

សណ្ឋាគារ  «សាន់ & មូន រីវើសាយ» បានរចនាឡើងដ៏ល្អឯក ជាប្រព័ន្ធអេកូឡូស៊ី នៃការរស់នៅដែលមានការរចនាតែមួយគត់ ដែលរួមបញ្ជូលបច្ចេកវិទ្យាដ៏ជឿនលឿន សម្រាប់សុខុមាលភាព និងកន្លែងហាត់ប្រាណ អាងហែលទឹកនៅជាន់លើ អាចឱ្យភ្ញៀវគយគន់ ទិដ្ឋភាពថ្ងៃរះ និងថ្ងៃលិច ព្រមទាំងសម្រស់រាជធានីភ្នំពេញបានយ៉ាងមនោរម្យ។ 

ជាមួយមុខងារ ដ៏ប្រណីត និងសម្បូរបែប «សាន់ & មូន រីវើសាយ» បានក្លាយជាគោលដៅបដិសណ្ឋារកិច្ចនៃការរៀបចំកម្មវិធី ដូចជាពិធីខួបកំណើត អាពាហ៍ពិពាហ៍ ជប់លៀងបុគ្គលិកប្រចាំឆ្នាំ ជួបជុំឆ្លងឆ្នាំសកល មើលកាំជ្រួញ និង ព្រឹត្ដិការណ៍តូច ធំ លក្ខណៈ VIP, V VIP គ្រប់ប្រភេទគួរជាទីពេញចិត្ត ជាមួយតម្លៃយ៉ាងសមរម្យទៀតផង។ នៅខាងក្នុងសណ្ឋាគារ តាំងពីជាន់ផ្ទាល់ដី រហូតដល់ជាន់ខាងលើ សុទ្ធតែអាចឆ្លើយតបទៅនឹងតម្រូវការ និងក្ដីប្រាថ្នារបស់អតិថិជន ជាតិ និងអន្ដរជាតិ បានដោយទំនុកចិត្ត។ ក្នុងនោះ មានទាំងហាងកាហ្វេស្តង់ដារដ៏ធំទូលាយដំបូងគេនៅកម្ពុជា សាលប្រជុំ បន្ទប់ការិយាល័យរួម ភោជនីយដ្ឋានលំដាប់ៗចម្រុះជាតិសាសន៍ សាលហាត់ប្រាណ រោងភាពយន្តលក្ខណៈគ្រួសារ កន្លែងស្ប៉ាសុខភាពដ៏ទំនើបថែមទៀតផង។  

ដោយសារតែការច្នៃប្រឌិតខ្ពស់ ប្រកបដោយស្ដង់ដានេះហើយ ទើបសណ្ឋាគារ SUN & MOON, Riverside Hotel  បានជាប់ឈ្មោះជា សណ្ឋាគារលំដាប់ផ្កាយ៥ ក្នុងស្រុកដ៏ ទាន់សម័យ មានសមត្ថភាពអាចបំពេញតាមតម្រូវការ ស្នាក់នៅ បែបធុរកិច្ច និងភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទីប្រកបដោយបដិសណ្ឋារកិច្ចខ្ពស់បំផុត។  មិនត្រឹមតែប៉ុណ្ណេះ សណ្ឋាគារ ដែលបណ្ដែតខ្លួនឡើងប្របនឹងមាត់ទន្លេបាសាក់ របស់អ្នកឧកញ៉ាបណ្ឌិត ជា រតនា ក៏បានជំរុញសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការបង្កើតការងារសម្រាប់ពលរដ្ឋកម្ពុជាបានមួយចំណែកផងដែរ។

សម្រាប់លក្ខណៈពិសេសជាច្រើនទៀត Oknha News នឹងលម្អិត ជូនដល់ប្រិយមិត្ត បន្ទាប់ពីបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវ សណ្ឋាគារលំដាប់ផ្កាយ៥ «សាន់ & មូន រីវើសាយ» (SUN&MOON Riverside) នៅថ្ងៃទី២២ ខែមេសា ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត ៕