វិស័យឯកជនចង់ឃើញរដ្ឋ​បើកការដ្ឋានឆាប់ៗ​លើគម្រោងផ្លូវនាវាចរណ៍​និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់

សង្គម​និង​សេដ្ឋកិច្ច

ក្រោយពីមើលឃើញការដឹកជញ្ជូនតាមផ្លូវទឹកមានផលចំណេញច្រើន វិស័យឯកជនដែលជាអ្នករកស៊ីក្នុងវិស័យដឹកជញ្ជូនក្នុងស្រុកចង់ឃើញរាជរដ្ឋាភិបាលក៏ដូចជាដៃគូវិនិយោគបើកការដ្ឋានឱ្យបានឆាប់ៗទៅលើគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់នាពេលខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្ដុភារកម្មកម្ពុជាបានឱ្យដឹងថា វិស័យឯកជនយល់ឃើញថា បើសិនយើងមានផ្លូវទឹក(គម្រោងផ្លូវនាវាចរណ៍)នេះយើងមានផលចំណេញច្រើនលើការដឹកជញ្ជូន។ចំពោះផ្លូវទឹកទន្លេបាសាក់ទៅខេត្តកំពត នេះខ្ញុំមានមោទនភាពនិងសង្ឃឹមទុកថាយើងធ្វើបាននិងទទួលបានផលប្រយោជន៍ច្រើន។

លោកឧកញ៉ា មានប្រសាសន៍ថា« ក្នុងនាមវិស័យឯកជន ខ្ញុំចង់ឃើញឱ្យការបើការដ្ឋានសាងសង់​បានចេញរូបរាងបើទោះបីប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅប្រើប្រាស់បានដូចរាល់ថ្ងៃក្តី។ យើងចង់ប្រើប្រាស់តាមផ្លូវទឹកដែលមានតម្លៃថោក និងចង់ឃើញឱ្យមានការបង្កើតតំបន់សក្តានុពលឱ្យបានច្រើន។ ពិសេសចង់ឃើញរាជរដ្ឋាភិបាល​បើកការដ្ឋានសាងសង់ផ្លូវទឹកឱ្យបានឆាប់នៅពេលខាងមុខនេះ»។

ពាក់ព័ន្ធនិងគម្រោងខាងលើ បើយោងតាមក្រសួងសាធារណការនិងដឹកជញ្ជូនថ្មីៗបានឱ្យដឹងថា
លទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាព គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ រយៈពេល២ឆ្នាំ ត្រូវបានអង្គប្រជុំគណកម្មការអន្តរក្រសួងពិនិត្យ និងផ្តល់ការគាំទ្រពេញទំហឹង ដែលគម្រោងនេះនឹងផ្តល់ផលប្រយោជន៍មហិមាសម្រាប់សេដ្ឋកិច្ចជាតិ ជាទីកត់សម្គាល់ និងមិនបណ្តាលឱ្យមានផលអវិជ្ជមានលើផ្នែកបច្ចេកទេស បរិស្ថាន និងច្បាប់។
លទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពអស់រយៈពេល ២ឆ្នាំ យ៉ាងល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយនេះ បានបង្ហាញឱ្យឃើញថា គម្រោងផ្លូវនាវាចរណ៍នេះនឹងមិនបណ្តាលឱ្យមានផលប៉ះពាល់ជាអវិជ្ជមាននោះឡើយ ទាំងផ្នែកបច្ចេកទេស បរិស្ថាន អេកូឡូស៊ី និងច្បាប់មេគង្គឆ្នាំ ១៩៩៥។

អ្វីដែលជាទីកត់សម្គាល់ គម្រោងនេះត្រូវបានអ្នកជំនាញព្យាករណ៍ថា នឹងផ្តល់ផលចំណេញធំធេងសម្រាប់​ការអភិវឌ្ឍ និងរីកចម្រើនសេដ្ឋកិច្ចជាតិ ជាពិសេសចំពោះ អត្រាចំណេញត្រឡប់មកវិញផ្នែកសេដ្ឋកិច្ច ក្នុងកម្រិតមួយខ្ពស់ជាងលើសពី អត្រាមធ្យមកំណត់ដោយស្ថាប័នជាតិ និងអន្តរជាតិ៕

អត្ថបទ៖សារេត