រោងចក្រផលិតខ្សែភ្លើងនៅខេត្តកំពង់ស្ពឺ តម្លៃប្រមាណ១៥លានដុល្លារ ត្រូវបានសម្ពោធជាផ្លូវការ

សង្គម​និង​សេដ្ឋកិច្ច

រោងចក្រផលិតខ្សែបង្គុំគ្រឿងអេឡិចត្រូនិករថយន្ត របស់ក្រុមហ៊ុន យ៉ូរ៉ា ហាណេស ខេមបូឌា(Yura Harness Cambodia) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមការដឹកនាំដោយ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រោងចក្រមួយនេះ មានទីតាំងស្ថិតក្នុងភូមិទួលធ្នង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងមានទំហំទុនវិនិយោគ ប្រមាណ១៥លានដុល្លារអាមេរិក ។

លោក ហ៊ុន ម៉ានី បានឱ្យដឹងថា ការសម្រេចបើកសាខាក្រុមហ៊ុន និងសាងសង់រោងចក្រនៅក្នុងខេត្តកំពង់ស្ពឺនេះ ដើម្បីធ្វើការផលិតខ្សែបង្គុំគ្រឿងអេឡិចត្រូនិករថយន្ត សម្រាប់នាំចេញ ហើយការបើកដំណើរការរោងចក្រនេះ មិនត្រឹមតែចូលរួមជម្រុញដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណោះទេ តែថែមទាំងបានជួយបង្កើតឱកាសការងារ និងចំណេះជំនាញជូនដល់ប្រជាពលរដ្ឋនៃខេត្តកំពង់ស្ពឺថែមទៀត។

ជាមួយគ្នានោះ លោក បានលើកឡើងថា ខេត្តកំពង់ស្ពឺ បានកែប្រែមុខមាត់ជាបន្តបន្ទាប់។ ហើយការកែប្រែនេះ តម្រូវឱ្យមានការខិតខំប្រឹងប្រែងពីសំណាក់បងប្អូនប្រជាពលរដ្ឋ លើការបន្តបណ្តុះបណ្តាលជំនាញផ្សេងៗ និងពង្រឹងសមត្ថភាពការងារ ស្របតាមគោលនយោបាយដែលដាក់ដោយរាជរដ្ឋាភិបាលក្នុងការទាក់ទាញអ្នកវិនិយោគ។

គួរបញ្ជាក់ថា រោងចក្រ Yura Harness Cambodia ត្រូវបានសាងសង់លើផ្ទៃដី ១៧ ៥០០ម៉ែត្រការ៉េ មានបុគ្គលិកប្រមាណ ១ ១០០នាក់ និងអាចផលិតខ្សែភ្លើងបាន ១១៥០០ ក្នុងមួយឆ្នាំ ដែលមានទុនវិនិយោគប្រមាណ១៥លានដុល្លារ។ គ្រប់ខ្សែភ្លើងទាំងអស់ដែលផលិតនៅទីនោះ នឹងនាំចេញទៅកាន់ប្រទេសកូរ៉េ ដើម្បីដំឡើងនៅក្នុងក្រុមហ៊ុនរថយន្ត Hyundai motor និង Kia motors ដែលនឹងជួយចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់ពាណិជ្ជកម្មរវាងប្រទេសកូរ៉េ និងកម្ពុជា៕