ពិធីបើក និងបិទកីឡាស៊ីហ្គេម រាជធានីភ្នំពេញ រៀបចំទីតាំងផ្សាយបន្តផ្ទាល់ចំនួន ៧កន្លែង

សង្គម​និង​សេដ្ឋកិច្ច

អាជ្ញាធររាជធានីភ្នំពេញ នឹងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) រៀបចំទីតាំង​ផ្សាយបន្តផ្ទាល់ពិធីបើកនិងបិទព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ចំនួន៧កន្លែង​ចាប់​ពីម៉ោ​ង ៦:៣០​នាទីយប់ រហូតដល់ចប់ការប្រារព្ធពិធី។ នេះបើតាមសេចក្តីជូនដំណឹងរបស់​រដ្ឋបាល​​រាជធានី​ភ្នំពេញ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អាជ្ញាធររាជធានីភ្នំពេញ បានកំណត់ទីតាំងផ្សាយបន្តផ្ទាល់ទាំង៧កន្លែងនោះរួមមាន ៖​ ១-​សួនច្បារមុខវត្តបទុមវតី ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ, ២-សួនច្បារមាត់​ទន្លេទល់មុខ​ភោជនីយដ្ឋានមេត្រូ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ, ៣-ក្នុងបុរីប៉េងហួតបឹងស្នើរ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ, ៤-សួនច្បារ​មិត្ត​ភាព​ក្បែរក្រសួង​ការពារជាតិ ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា, ៥-សួនច្បារ ទល់វិទ្យា ស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃ ស្ថិតនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែន សុខ,៦-សួនច្បារព្រះនាងប្រាជ្ញាបារមី ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និង៧-ទីលានីប្រជាធិបតេយ្យ ក្បែរស្ពានអាកាសឫស្សីកែវ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ជាមួយគ្នានេះ អាជ្ញាធររាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា ពលរដ្ឋទាំងអស់នឹងចូលរួម គាំទ្រ​ទស្សនាការផ្សាយបន្ត​ផ្ទាល់នេះឱ្យបានច្រើនកុះករ និងអធិកអធម ព្រោះនេះ​ជាព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ ដែលព្រះរាជាណាចក្រកម្ពុជារង់ចាំអស់រយៈពេល ៦៤ឆ្នាំ ដើម្បីរៀបចំការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើកទី៣២នេះ ។

គួរបញ្ជាក់ថា ពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹង​ប្រព្រឹត្តទៅនា​ថ្ងៃទី០៥ ខែឧសភា ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាច​ក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ខណៈពិធីបិទប្រារព្ធឡើង នាថ្ងៃទី១៧ ខែឧសភា៕