ស្ថាបត្យករ លី រស្មី លម្អិតអំពីការសាងសង់ចេតិយ​បិតាអ្នកឧកញ៉ា ហ៊ុន តូ

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ស្ថាបត្យករ លី រស្មី បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំដែលផ្តល់ការទុកចិត្តឲ្យក្រុមការងារលោកកសាងនូវចេតិយជាកិច្ចគុណចំពោះសម្តេចឧត្តមទេពញាណ ហ៊ុន ណេង បិតាបង្កើតអ្នកឧកញ៉ា ហ៊ុន តូ ដើម្បីសម្រេចបាននូវសមិទ្ធផលដ៏គូរឲ្យចាប់អារម្មណ៍ ជាផ្នែកមួយចូលរួមរក្សាអត្តសញ្ញាណជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងបណ្តាញហ្វេសប៊ុក នាព្រឹកថ្ងៃចន្ទទី៨ ខែឧសភានេះ លោក លី រស្មី បានឲ្យដឹងថា ចេតិយសាងសង់ឡើងតាមរចនាបថចេតិយប្រាង្គមានកំពូល៥ ដោយតួចេតិយកណ្តាលតំណាងឲ្យភ្នំព្រះសុមេរុ និងចេតិយចម្លងនៅតាមទិសធំទាំង៤តំណាងឲ្យ ចតុលោកបាលទាំង៤អង្គ ជាស្ដេចនៃពួកទេវតាធំចម្បងក្នុងស្ថានចាតុម្មហារាជិកា ដែលជាសួគ៌ជាន់ទី១ គឺ១.ព្រះបាទធតរដ្ឋ នៅទិសខាងកើត, ២.ព្រះបាទវិរុឡ្ហក នៅ ទិសខាងត្បូង, ៣.ព្រះបាទវិរូបក្ខ នៅទិសខាងលិច, ព្រះបាទកុវេរ (ឬព្រះវេស្សវ័ណ) នៅ ទិសខាងជើង។

ចេតិយប្រតិស្ថាននៅលើកូនភ្នំជានិម្មិតរូបនៃប្រាសាទភ្នំ នៅលើតួចេតិយលម្អដោយថ្មភក់ប្រដាប់ដោយការតាក់តែង ក្បូរក្បាច់រចនាតាមបែបប្រពៃណីខ្មែរនិយម ដោយផ្តែរនៅទិសខាងកើត ប្រតិស្ថានរូបព្រះឥន្ទ្រគង់លើដំរីក្បាល៣ ដែលមានឈ្មោះថា “ឰរាវត” ឬ (ឰរាវ័ណ) ទិសខាងលិចផ្តែរព្រះភិរុណគង់លើសត្វក្ងោក ទិសខាត្បូងព្រះយម គង់លើសត្វក្របី និងខាងជើងព្រះកុវេរ ជាទេពដំណាងឲ្យទ្រព្យសម្បត្តិ។ នៅផ្នែកបល្លង្កចេតិយមានក្បាច់ត្របកឈូក​ទ្រតួកណ្តឹងរាងអដ្ឋកោណដែលលម្អដោយក្បាច់សង្វារធ្វើពីស្ពាន់ រីឯផ្នែកកំពូលចេតិយពិពិធវិចិត្ររចនាដោយក្បាច់បល្ល័ង្ក ក្បាច់ឈូកមូល និងដងរួតប្រដាប់ដោយឆ័ត្ររួតចំនួន ៥ជាន់។

បើតាមស្ថាបត្យកររូបនេះ ចេតិយសម្តេចឧត្តមទេពញាណ ហ៊ុន ណេង មានកម្ពស់ ៣៣ម៉ែត្រ ពីទ្រនាប់ខ្សាច់ដល់កំពូលឆត្ររួត ដែលកម្ពស់នេះតំណាងឲ្យគុណ របស់អ្នកមានគុណទាំង២ មានគុណឳពុក ២១ និងគុណម្តាយ ១២ បានជាកម្ពស់សរុប ៣៣ម៉ែត្រ។

សូមជម្រាបថា ចេតិយសម្តេចឧត្តមទេពញាណ ហ៊ុន ណេង មានទីតាំងស្ថិតនៅភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាទីតាំងជ័យភូមិដែលមានភ្នំប្រុសនៅខាងក្រោយ និងសាងសង់បែរមុខទៅទិសខាងកើតឆៀងខាងត្បូង ដោយបែរមុខទៅរកទិសទន្លេអុំ មានទីតាំងស្ថិតនៅខាងមុខវត្តនគរបាជ័យ ជាស្រះទឹកដែលសល់តាំងពីបុរាណកាលមក ជាជ័យភូមិសម្រាប់វត្តនគរវាជ័យ។

សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បងប្រុសបង្កើតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៨:២៥ នាទី ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ ស្ថិតក្នុងភូមិគ្រឹះនាខេត្តកំពង់ចាម។

គួររម្លឹកបន្តិចថា ប៉ុន្មានថ្ងៃក្រោយទទួលមរណភាពព្រឹទ្ធាចារ្យ ហ៊ុន ណេង ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង ជា«សម្ដេចឧត្ដមទេពញាណ» នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២។

សម្ដេចឧត្ដមទេពញាណ ហ៊ុន ណេង គឺជាអតីតអ្នកដំណាងរាស្រ្តមណ្ឌលកំពង់ចាម ហើយជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា។ សម្តេចក៏ធ្លាប់កាន់តំណែងជាអភិបាលខេត្តកំពង់ចាម៕