ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ចេញញត្តិស្នើសុំនាយឧត្តមសេនីយ៍ សៅ សុខា សូមបន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ក្នុងនាមជាម្ចាស់ឧបត្ថម្ភធំផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ,ក្នុងនាមថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់នៃក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី នាថ្ងៃទី០៨ ឧសភា ឆ្នាំ២០២៣ នេះ ក្រុមហ៊ុន ប្រកាសចេញញត្តិ និងស្នើសុំយ៉ាងទទូច សូមឯកឧត្ដមនាយឧត្តមសេនីយ៍ សៅ សុខា នៅបន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងញត្តិស្នើសុំរបស់ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី របស់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដដែល បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់ រយៈពេលជាង១០ឆ្នាំកន្លងមក បានធ្វើឱ្យកីឡាបាល់ទាត់កម្ពុជា មានការរីកចម្រើនទាំងបរិមាណ និងគុណភាព ជាអាទិ៍សមត្ថភាពកីឡាករ គ្រូបង្វឹក មន្ត្រី អាជ្ញាកណ្តាល និងក្លិបបាល់ទាត់អាជីពនានា មានសមត្ថភាព និងមានលទ្ធភាពចូលរួមការប្រកួតប្រជែងជាលក្ខណៈតំបន់ និងអន្តរជាតិ ជាពិសេសនៅក្នុងការប្រកួតនាពេលកន្លងមក ការខិតខំប្រកួត និងបច្ចេកទេសលេងបាល់ របស់កីឡាករបាល់ទាត់កម្ពុជា បានទាក់ទាញទស្សនិកជន ឱ្យចូលរួមទស្សនាផ្ទាល់ និងទស្សនាតាមអនឡាញ ភ្លូកទឹកភ្លូកដី។ 

និយាយដោយឡែក ក្នុងស្មារតីកសាង និងប្រមូលនូវធនធានកីឡាករបាល់ទាត់ ឯកឧត្តមនាយឧត្ដមសេនីយ៍ សៅ សុខា បានរៀបចំឱ្យមាននូវទីលានបាល់ទាត់ នៅតាមសាលាតម្រង់ទិសទាំង ២៥ រាជធានីខេត្ត និងរៀបចំកម្មវិធីអភិវឌ្ឍកីឡាបាល់ទាត់ នៅតាមសាលាបឋមសិក្សា និងអនុវិទ្យាល័យ និងលើកទឹកចិត្តកីឡាករដោយផ្ទាល់តាមគ្រប់រូបភាព ដែលកត្តាទាំងនេះ បានធ្វើឱ្យសិស្សានុសិស្ស និងយុវជនជាច្រើន ចូលរួមហ្វឹកហាត់ និងលេងកីឡាបាល់ទាត់ ហើយក្រុមកីឡាករមានកម្លាំងចិត្តកាន់តែខ្លាំងឡើង។ ម្យ៉ាងវិញទៀត ក្រោមការដឹកនាំ របស់ឯកឧត្តមនាយឧត្តមសេនីយ៍ប្រធានសហព័ន្ធ ការលេងកីឡាបាល់ទាត់ មានសកម្មភាព យ៉ាងផុលផុសក្នុងស្រទាប់យុវវ័យ នៅគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាថ្មីម្ដងទៀត ក្នុងនាមជាម្ចាស់ឧបត្ថម្ភធំផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្នុងនាមថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់នៃក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង និងស្នើសុំយ៉ាងទទូចដល់ ឯកឧត្ដមនាយឧត្តមសេនីយ៍ សៅ សុខា សូមនៅបន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បន្តទៀត ដើម្បីបន្តដឹកនាំវិស័យកីឡាបាល់ទាត់កម្ពុជាឱ្យកាន់តែរីកចម្រើនឈានឡើង។ 

គួរបញ្ជាក់ថា នាយឧត្តមសេនីយ៍ សៅ សុខា ក្នុងស្មារតីទទួលខុសត្រូវដែលកំពុងកាន់តំណែងជាប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា ( FFC ) កាលពីថ្ងៃទី០៧ ឧសភា បានប្រកាសលាឈប់ពីតួនាទីជាប្រធានសហព័ន្ធភ្លាមៗ បន្ទាប់ពីក្រុមបាល់ទាត់បុរសអាយុ ២២ឆ្នាំ របស់កម្ពុជា នាល្ងាចថ្ងៃដដែលម្សិលមិញនេះ មិនអាចដណ្ដើមជ័យជំនះលើក្រុមបាល់ទាត់មីយ៉ាន់ម៉ា ឈានទៅបន្តប្រកួតវគ្គបន្តបាន៕