ពលរដ្ឋប្រកបរបរភ្ញាស់ពងទាកូនស្រែរនោង ចង់បានម៉ាកសម្គាល់បិទលើផលិតផល សម្រាប់លក់ដូរ និងការពារកាក្លែងបន្លំលើទីផ្សារ

សង្គម​និង​សេដ្ឋកិច្ច

ពងទាកូនស្រែរនោង ជាផលិតផលមួយប្រភេទ ដែលមានភាពល្បីល្បាញរបស់ខេត្តតាកែវ ហើយប្រជាពលរដ្ឋនៅក្នុងប្រទេស បានឱ្យតម្លៃថា មានរសជាតិឆ្ងាញ់ជាងពងទាកូនដែលផលិតនៅតំបន់ផ្សេងៗ។ផ្អែកលើគុណភាព និងភាពល្បីរបស់ពងទាកូនស្រែរនោង កាលពីដើម និងនាពេលបច្ចុប្បន្ន បានធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់ចាប់យកការភ្ញាស់ពងទាកូនធ្វើជាមុខរបរសំខាន់មួយ សម្រាប់ផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារក្រៅពីធ្វើកសិកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដើម្បីការពារតម្លៃលក់នៅលើទីផ្សារ និងការក្លែងបន្លំទៅលើពងទាកូនស្រែរនោង ប្រធានសមាគមពងទាកូនស្រែរនោង ក៏ដូចជាប្រជាពលរដ្ឋភ្ញាស់ពងទាកូនផ្សេងទៀត បានសំណូមពរទៅដល់ក្រសួងពាក់ព័ន្ធជួយធ្វើយ៉ាងណាឱ្យពងទាកូនស្រែរនោង មានម៉ាកសម្គាល់សម្រាប់បិទនៅលើផលិតផលរបស់ពួកគាត់បានឆាប់។

បច្ចុប្បន្ននេះ បើយោងតាម ប្រធានសមាគមពងទាស្រែរនោងថា ការផលិតពងទាកូនស្រែរនោង មានការរីកចម្រើន ប៉ុន្តែតម្លៃនៅលើទីផ្សារប្រែប្រួលលឿនពេក ហើយតម្លៃចំណីនៅលើទីផ្សារនៅតែឡើងថ្លៃ រីឯចំណែកតម្លៃពងទារកូននៅរក្សាថ្លៃដដែល។

លោក សូត្រ សុផល បានឱ្យដឹងថា សព្វថ្ងៃនេះ ប្រជាពលរដ្ឋដែលធ្វើអាជីវកម្មភ្ញាស់ពងទាកូននៅស្រែរនោង មានចំនួន១៩កន្លែង(ឡភ្ញាស់) និងមានអ្នកចិញ្ចឹមទា និងអ្នកធ្វើអាជីវកម្មពាក់ព័ន្ធនិងពងទា មានចំនួនច្រើនផ្សេងទៀត ពោលមានពលរដ្ឋប្រមាណ៣០%នៃចំនួនប្រជាជនសរុបក្នុងភូមិ។

លោកបញ្ជាក់ថា «សម្រាប់ការភ្ញាស់ពងទាកូននៅកន្លែងរបស់ខ្ញុំ បានធ្វើជាដៃគូជាមួយអ្នកចិញ្ចឹមទាចំនួន១១ទ្រុងហើយអាចប្រមូលពងទាយកមកភ្ញាស់ក្នុងរយៈពេល៤ថ្ងៃ បាន៣ម៉ឺនគ្រាប់ ហើយក្នុងមួយថ្ងៃអាចលក់ចេញនៅពងទាធម្មតា និងពងទាកូនបានពី ៦ពាន់ ទៅ៧ពាន់គ្រាប់ ខណៈតម្លៃពងទាសាបធម្មតាទិញពីកសិករមួយគ្រាប់ថ្លៃ ៤៨០រៀល ហើយលក់ចេញជាពងទាកូនថ្លៃពីជាង៥០០ទៅ៦០០រៀលក្នុងមួយគ្រាប់»។

លោក សូត្រ សុផល ប្រធានសមាគមពងទាកូនស្រែរនោង ថា «ដើម្បីឱ្យពងទាកូនស្រែរនោងរក្សាបានតម្លៃល្អនៅលើទីផ្សារ ខ្ញុំសំណូមពរទៅដល់ក្រសួងពាក់ព័ន្ធ ជួយធ្វើយ៉ាងឱ្យពងទាកូនស្រែរនោង មានម៉ាកសម្គាល់ជាក់លាក់សម្រាប់ដាក់លក់នៅលើទីផ្សារ ដើម្បីការពារពីការក្លែងបន្លំ ពីពងទាកូនផលិតនៅតំបន់ផ្សេងមកលក់ថាជាផលិតផលពងទាកូនស្រែរនោង។ដូចនេះក្រសួងពាក់ព័ន្ធជួយពន្លឿនការចុះបញ្ជីម៉ាកសម្រាប់ពងទាកូនស្រែរនោងឱ្យបានលឿន»។

លោកបន្តថា «កាលណាពងទាកូនស្រែរនោងមានម៉ាកសម្គាល់ផលិតផលច្បាស់លាស់ ខ្ញុំជឿថា ការលក់ពងទាកូននៅលើទីផ្សារនឹងមានការកើនឡើងជាងពេលមុនៗ ហើយជម្រុញឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់ដែលជាអ្នកចិញ្ចឹមទាយកពង ក៏ដូចជាពលរដ្ឋដែលធ្វើអាជីវកម្មជាប់ទាក់ទងនិងពងទា នឹងបង្កើនការចិញ្ចឹ និងសកម្មភាពលក់ដូរឱ្យកើនឡើងបន្ថែមទៀត នៅពេលខាងមុខ ខណៈពងទាកូនប្រជាពលរដ្ឋនិយមបរិភោគច្រើននៅពេលមានពិធីបុណ្យទាន»។

ចំណែកគ្រួសារអ្នកស្រី យុំា ស្រីលាភ ដែលបានចាប់ផ្តើមប្រកបរបរភ្ញាស់ពងទាកូនស្រែរនោង តំាងពីឆ្នំា១៩៩០ បានឱ្យដឹងថា កាលចាប់ផ្តើមសាកល្បងភ្ញាស់ពងទាកូនដំបូងចំនួន៥ពាន់ពង ហើយមកដល់សព្វថ្ងៃបានទិញចូលពងទាពីកសិករចិញ្ចឹមទាចន្លោះពី១ម៉ឺនទៅដល់៣ម៉ឺនពង ក្នុងរយៈពេល៣ថ្ងៃម្តង សម្រាប់យកមកដាក់ភ្ញាស់។

អ្នកស្រីបន្តថា បច្ចុប្បន្នតម្រូវការពងទាកូននៅលើទីផ្សារ មានការកើនឡើងជាងឆ្នំាមុនៗ តែពេលខ្លះទទួលបានប្រាក់ចំណេញ ពេលខ្លះក៏អត់ ដោយសារមានការនំាចូលពងទាកូនមកពីខាងក្រៅមកលក់នៅលើទីផ្សារក្នុងស្រុកមានចំនួនច្រើន។

បើតាមអ្នកស្រី យុំា ស្រីលាភ នៅក្នុងមួយថ្ងៃ អ្នកស្រី ផ្គត់ផ្គង់ពងទាសាបចំនួន ៣ពាន់ពង និងពងទាកូនចំនួន ២ពាន់ពង ហើយពងទាកូនថ្លៃ ៥៥០រៀល ក្នុងមួយគ្រាប់។

អ្នកស្រីបន្តថា «បើសិនពងទាកូនស្រែរនោង មានម៉ាកសម្គាល់បិទនៅលើពងទាបានត្រឹមត្រូវអាចជួយឱ្យតម្លៃថ្លៃជាងពងទាកូននាំចូលពីប្រទេសជិតខាង ព្រោះនៅពេលសព្វថ្ងៃនេះ ពងទាកូនស្រែរនោង និងពងទាកូននាំចូលពីខាងក្រៅ គ្មានអ្នកណាមកបញ្ជាក់ឬធ្វើការកត់សម្គាល់បានទេ»

អត្ថបទ៖សារេត