លោកជំទាវ បណ្ឌិត ជា សិរី ទទួលបានចំណាត់ថ្នាក់លំដាប់ខ្ពស់ក្នុងការដឹកនាំធនាគារកណ្តាលពីរឆ្នាំជាប់គ្នាពីទស្សនាវដ្តីអន្តរជាតិ Global Finance

សង្គម​ និង​សេដ្ឋកិច្ច

នៅក្នុងរយៈពេលត្រឹមតែពីរឆ្នាំ នៃការកាន់តំណែងជាទេសាភិបាល ធនាគារជាតិនៃកម្ពុជា លោកជំទាវ បណ្ឌិត ជា សិរី ទទួលបានចំណាត់ថ្នាក់លំដាប់ខ្ពស់ពីរឆ្នាំជាប់ៗគ្នា ពីទស្សនាវដ្តីអន្តរជាតិ Global Finance។ នេះបើយោងតាមការឱ្យដឹងពីធនាគារជាតិនៃកម្ពុជា នៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា លោកជំទាវ ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ត្រូវបានទស្សនាវដ្តីអន្តរជាតិ Global Finance ផ្តល់ចំណាត់ថ្នាក់ A- ដែលបញ្ជាក់ពីការដឹកនាំធនាគារកណ្តាលប្រកបដោយប្រសិទ្ធភាពប្រចាំឆ្នាំ២០២៥។

ធនាគារជាតិនៃកម្ពុជា បានបន្ថែមថា នេះជាចំណាត់ថ្នាក់ល្អដែលលោកជំទាវ ទេសាភិបាល ទទួលបានពីរឆ្នាំជាប់គ្នា បន្ទាប់ពីលោកជំទាវត្រូវបានតែងតាំងជា ទេសាភិបាល ធនាគារជាតិនៃកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២៣។

សូមគូសបញ្ជាក់ផងដែរថា ចំណាត់ថ្នាក់លំដាប់ខ្ពស់របស់លោកជំទាវ ទេសាភិបាល នាពេលនេះក៏ទទួលបានទន្ទឹមគ្នានឹងឥស្សរជនជាថ្នាក់ដឹកនាំល្បីៗក្នុងវិស័យហិរញ្ញវត្ថុលើពិភពលោកដូចជា លោកជំទាវ Christine Lagarde ប្រធានធនាគារកណ្តាលអឺរ៉ុប ឯកឧត្តម Eli Remolona ទេសាភិបាលធនាគារកណ្តាលហ្វីលីពីន និង ឯកឧត្តម Chia Der Jiun នាយកគ្រប់គ្រងអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) ជាដើម។

សូមជម្រាបជូនថា Global Finance បានផ្តល់ចំណាត់ថ្នាក់នេះ ដោយជ្រើសចេញពីក្នុងចំណោមថ្នាក់ដឹកនាំធនាគារកណ្តាលប្រមាណ ១០០ ប្រទេស តាមរយៈការពិនិត្យលើប្រសិទ្ធភាពនៃការអនុវត្តនយោបាយរូបិយវត្ថុក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច រក្សាស្ថិរភាពរូបិយវត្ថុ គ្រប់គ្រងអតិផរណា និងអត្រាប្តូរប្រាក់។ ក្នុងនោះមានតែឥស្សរជនដែលត្រូវបានផ្តល់ចំណាត់ថ្នាក់ A-, A, និង A+ ប៉ុណ្ណោះដែលត្រូវបាន Global Finance រាយនាមក្នុងបញ្ជីចំណាត់ថ្នាក់កិត្តិយសនេះ៕