ឯកឧត្តម ហ៊ុន ម៉ាណែត៖ ទីវត្តអារាម ជាគ្រឹះស្ថានបណ្តុះបណ្តាលដ៏មានឥទ្ធិពល បានរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងធនធានមនុស្ស

សង្គម​និង​សេដ្ឋកិច្ច

ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា ទីវត្តអារាមជាគ្រឹះស្ថានបណ្តុះបណ្តាល ដ៏មានឥទ្ធិពល និងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងធនធានមនុស្ស។ឯកឧត្តម លើកឡើងបែបនេះ នៅក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តពោធិដ្ឋាន (ហៅវត្តថ្លាវ) ស្ថិតក្នុងឃុំស្វាយអន្ទង ស្រុកស្វាយអន្ទង ខេត្តព្រៃវែង កាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម មានប្រសាសន៍ថា «សាសនា  គឺបានដើរតួនាទីយ៉ាងសំខាន់បំផុតក្នុងការអប់រំសីលធម៌ គុណធម៌ និងការរស់នៅក្នុងសង្គមប្រកបដោយសេចក្តីថ្លៃថ្នូរ អធ្យាស្រ័យគ្នាខ្ពស់ និងពិសេសរក្សាបាននូវវប្បធម៌ដ៏ល្អផូរផង់របស់ជាតិ។ នៅក្នុងបេះដូងរបស់ប្រជាជនកម្ពុជា រួមទាំងរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រីផ្ទាល់ គឺទីវត្តអារាមជាគ្រឹះស្ថានបណ្តុះបណ្តាលដ៏មានឥទ្ធិពល និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងធនធានមនុស្សសម្រាប់បម្រើជាតិ និងសង្គម»។

ទន្ទឹមនឹងនោះ ឯកឧត្តម បានគូសបញ្ជាក់ថា ការអប់រំផ្នែកពុទ្ធសាសនា គឺបានជួយដល់កុលបុត្រ កុលធីតា ឱ្យក្លាយជាធនធានមនុស្សពោរពេញដោយសីលធម៌ គុណធម៌ និងសមត្ថភាពពិតប្រាកដ សម្រាប់ចូលរួមចំណែកក្នុងការអភិវឌ្ឍខ្លួន គ្រួសារ និងឈានទៅជួយដល់ការរីកចម្រើនរបស់សង្គមជាតិ ហើយក៏ជាប្រភពនៃឧត្តមភាព និងកិត្យានុភាពជាតិ។

គួរឱ្យដឹងផងដែរថា វត្តពោធិដ្ឋាន (ហៅវត្តថ្លាវ) កើតឡើងតាំងពីក្នុងសម័យសង្គ្រាមលោកលើកទី២ ឆ្នាំ១៩៤៨ ដោយវត្តពោធិដ្ឋាន ក៏បានរងការបំផ្លាញស្ទើរទាំងស្រុង។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ វិស័យសាសនាបានចាប់ផ្តើមរស់រានឡើងវិញ ហើយវត្តនេះក៏ត្រូវបានរៀបចំដំណើរការ និងបើកឡើងវិញនៅក្នុងឆ្នាំ១៩៨០៕