សម្តេចតេជោ ហ៊ុន សែន៖ សូមកុំភ័នច្រឡំថា សាលាវិចិត្រសិល្បៈ បង្រៀនសុទ្ធតែសិល្បៈទាំងអស់នោះ

សង្គម​និង​សេដ្ឋកិច្ច

ថ្លែងនៅក្នុងឱកាសអញ្ជើញសម្ពោធទីតាំងថ្មី សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ព្រម​ទាំងចែកសញ្ញាបត្រដល់និស្សិត ដែលបានបញ្ចប់ការសិក្សា កាល​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីកម្ពុជា បានធ្វើការអំពាវនាវទៅកាន់សាធារណជន សូមកុំភ័នមានការច្រឡំថា សាលាវិចិត្រសិល្បៈ បង្រៀនសុទ្ធតែសិល្បៈទាំងអស់ ពោលគឺសម្តេចថា សាលានេះក៏មានបង្រៀនមុខវិជ្ជាសក្តានុពលជាច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីកម្ពុជា បានលើកឡើងថា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គឺជាគ្រឹះស្ថានឧត្តមសិក្សារដ្ឋតែមួយគត់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយបានដើរតួនាទី យ៉ាងសកម្មក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យសិល្បៈ វប្បធម៌ ដែល​ជា​អត្តសញ្ញាណជាតិ។

សម្តេចតេជោ បានបន្តថា៖«សូមកុំភ័នច្រឡំថា សាលាវិចិត្រសិល្បៈ សុទ្ធតែសិល្បៈទាំងអស់នោះ ពោលគឺមានមហាវិទ្យាល័យជាច្រើន ដូចជា មហាវិទ្យាល័យបុរាណ វិទ្យា មហាវិទ្យាល័យស្ថាបត្យកម្មនិងនគរោបនីយវិទ្យា មហាវិទ្យាល័យសិល្បៈ សូន រូប មហាវិទ្យាល័យតូរ្យតន្ត្រី មហាវិទ្យាល័យសិល្បៈនាដសាស្ត្រអីដើម ហេតុនេះខ្ញុំអំពាវនាវឱ្យមានការស្វែងយល់បន្ថែម និងសិក្សារៀនសូត្រលើជំនាញជាច្រើនដែលមាននៅទីនេះ»។

គួរបញ្ជាក់ដែរថា បើយោងតាមរយៈអនុក្រឹត្យចុះថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៨៨ បានបង្កើតជាសាកលវិទ្យាល័យ ភូមិន្ទ វិចិត្រ សិល្បៈឡើងវិញ ដោយចែកជាប្រាំមហាវិទ្យាល័យរួមមាន៖ មហាវិទ្យាល័យ បុរាណ វិទ្យា មហាវិទ្យាល័យស្ថាបត្យកម្មនិងនគរោបនីយវិទ្យា មហាវិទ្យាល័យសិល្បៈ សូន រូប មហាវិទ្យាល័យតូរ្យតន្ត្រី មហាវិទ្យាល័យសិល្បៈនាដសាស្ត្រ។ លុះខែឧសភា ឆ្នាំ ២០២០ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានក្លាយជាគ្រឹះស្ថានសាធារណៈ រដ្ឋបាល ហើយក៏បានបង្កើតអង្គភាពក្រោមឱវាទមួយទៀត គឺមជ្ឈមណ្ឌលស្រាវជ្រាវ វប្បធម៌ និងនវានុវត្តន៍ ដែលមានតួនាទីស្រាវជ្រាវ ចងក្រង បោះពុម្ព និងផ្សព្វផ្សាយអំពី សិល្បៈ និងវប្បធម៌ខ្មែរ។

ចាប់តាំងពីការរស់រាននៃជីវិតទី២ឡើងវិញ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានបណ្តុះបណ្តាលធនធានមនុស្សសរុបចំនួន ៤,៥១៦នាក់ (នារី ១៤០៩នាក់ ស្មើ ៣០.២%) លើមុខជំនាញទាំង ៥របស់ខ្លួន។ ធនធានមនុស្សខាងលើនេះ បច្ចុប្បន្ន កំពុងបំពេញការងារនៅតាមស្ថាប័នជាតិនានា វិស័យឯកជន អង្គការ សមាគមនានា និងមួយចំនួនបន្តការសិក្សានៅឯបរទេស រីឯអ្នកខ្លះទៀតបានក្លាយ ជាគ្រូកំពុងបង្ហាត់ បង្រៀនដល់និស្សិតជំនាន់ក្រោយ ដែលជាអ្នកបន្តវេន។

ផ្តើមចេញពីការពិនិត្យឃើញពីកំណើនឥតឈប់ឈរ នៃតម្រូវការសិក្សា ក្នុងវិស័យសិល្បៈវប្បធម៌របស់និស្សិតពីគ្រប់មជ្ឈដ្ឋាន សម្តេចតេជោ ហ៊ុន សែន តាមរយៈសាលារាជធានីភ្នំពេញ បានធ្វើសម្បទានដីមួយកន្លែង ជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានទីតាំងស្ថិតនៅតំបន់អភិវឌ្ឍជ្រោយចង្វារ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទំហំសរុបប្រមាណ ៤ហិកតា ដែលក្នុង នោះ ដីជាង ៣ហិកតា សម្រាប់សាងសង់សាកលវិទ្យាល័យ ភូមិន្ទ វិចិត្រសិល្បៈថ្មី និង ជិត ១ហិកតាទៀត សម្រាប់សាងសង់មជ្ឈមណ្ឌលវប្បធម៌។ កិច្ចដំណើរការ នៃការកសាងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មីជាជំហានដំបូង គឺការសាងសង់អគារសិក្សាអគារ «ខ» ដំណាក់កាលទី១ ដែលបានចាប់ផ្តើមបញ្ចុះ បឋមសិលា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ និងបានបញ្ចប់នៅថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ២០២២ ដោយមានការឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាលចំនួន ១២លាន ដុល្លារ។ អគារ «ខ» នេះ មានទំហំសរុបចំនួន ៤៧,០០០ម៉ែត្រក្រឡា ដែលមានបណ្តោយ ប្រវែង ១៩៦ម៉ែត្រ ទទឹងប្រវែង ៤៥ម៉ែត្រ កម្ពស់ ៤ជាន់ ចែកចេញជា ១២៣ បន្ទប់ ។

ក្រៅពីនេះ មានចំណតរថយន្តក្រោមដី ១ជាន់ ដែលអាចចតរថយន្តបានចំនួន ២០៤ គ្រឿង និងម៉ូតូចំនួន ៥០០គ្រឿង។ ក្រុមហ៊ុនដែលទទួលការងារ សាងសង់ អគារ «ខ»នេះ គឺក្រុមហ៊ុន PT &C Engineering Co.LTD.។ ចំណែកផ្ទៃដីទំហំជិត១ហិកតាទៀត នឹងត្រូវអភិវឌ្ឍសាងសង់ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលសិល្បៈកម្ពុជា-កូរ៉េ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណ រដ្ឋកូរ៉េ ក្នុងគម្រោងថវិកាប្រមាណ ៥.៣លានដុល្លារ។ មជ្ឈមណ្ឌលនេះ ផ្តោតទៅលើការបណ្តុះបណ្តាលសិល្បៈ ផ្នែកតូរ្យតន្ត្រី សិល្បៈនាដ សាស្រ្ត និងសិល្បៈសូនរូប ហើយការសាងសង់នឹងត្រូវចាប់ផ្តើមក្នុងពេលខាងមុខនេះ៕