លោក វ៉ា វីរៈ៖ ការលើកលែងការបង់ថ្លៃសេវាសាធារណៈ​របស់ក្រសួងដែនដីមានចំណុចល្អ២យ៉ាង

សង្គម​និង​សេដ្ឋកិច្ច

នាយកក្រុមហ៊ុន Century 21 Fortuna Investment យល់ឃើញថាការលើកលែងបង់ថ្លៃសេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ដែលបានប្រកាសឱ្យដឹងនៅថ្ងៃទី២៥ ខែឧសភា ឆ្នំា២០២៣ ថ្មីៗនេះថាមានចំណុចល្អ២យ៉ាងសម្រាប់អ្នកវិនិយោគនិងប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក វ៉ា វីរៈ នាយកក្រុមហ៊ុន Century 21 Fortuna Investment មានប្រសាសន៍ថា« ខ្ញុំយល់ឃើញថាល្អមានពីរចំណុច៖១)- បានជួយសម្រួលដល់សម្រាប់អ្នកអភិវឌ្ឍន៍ច្រើនក្នុងការកាត់បន្ថយការចំណាយផ្សេងៗ ពិសេសស្ថិតនៅក្នុងស្ថានភាពជួបការលំបាក ហើយការលើកលែងបង់ថ្លៃសេវាសាធារណៈនេះវាជួយលើកទឹកចិត្តពួកគាត់ ដើម្បីឱ្យគាត់មានការគិតគូរឬមួយពិចារណាសាងសង់គម្រោងបន្ថែម។២)-ជួយទៅលើអ្នកដែលចង់ទិញលំនៅឋានសមរម្យ កាត់បន្ថយបានការចំណាយរបស់គាត់។ ប្រជាពលរដ្ឋនៅពេលបានដឹងអំពីការលើកទឹកចិត្តរបស់ក្រសួង អាចធ្វើឱ្យប្រជាពលរដ្ឋមានការចាប់អារម្មណ៍ឬពិចារណាទិញផ្ទះតម្លៃសមរម្យណាមួយនៅពេលខាងមុខ»។

លោកបន្តថា រាជរដ្ឋាភិបាលដែលមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាសេនាធិការ គាត់មានគោលនយោបាយរបស់គាត់ពីមុន តែនៅពេលស្ថានភាពសេដ្ឋកិច្ចពិភពលោក ស្ថានភាពសេដ្ឋកិច្ចប្រទេសជាតិមានការផ្លាស់ប្តូរ អ៊ីចឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលអាចមានការផ្លាស់ប្តូរខ្លះ ព្រោះពីមុនមិនទាន់មានជំងឺកូវីដ១៩និងសង្គ្រាមរវាងអ៊ុយក្រែនិងរុស្ស៊ីទេ។ បច្ចុប្បន្ននេះក្រៅពីចង់បានប្រាក់ចំណូលយកមកអភិវឌ្ឍន៍ប្រទេសជាតិ រាជរដ្ឋាភិបាលក៏បានគិតគូរទៅលើសុខទុករបស់ប្រជាពលរដ្ឋនិងអ្នកវិនិយោគទទួលបានការលើកទឹកចិត្តទំាងអស់គ្នាតាមរយៈការលើកលែងបង់ថ្លៃសេវាសាធារណៈ ដើម្បីចូលរួមធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាប្រសើរឡើងវិញ។

យោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានបង្ហាញថា លើកលែងការបង់ថ្លៃសេវាសាធារណៈមានដូជា ១)- ការផ្តល់គោលការណ៍សាងសង់ និងគោលការណ៍អភិវឌ្ឍន៍ថ្មី ការផ្តល់លិខិតអនុញ្ញាតសាងសង់ និងការផ្តល់លិខិតអនុញ្ញាតសាងសង់លើសកម្រិតសន្ទស្សន៍ ប្រើប្រាស់ដីអតិបរមាផ្លូវការ ចំពោះសំណើសុំសាងសង់អគារមន្ទីរពេទ្យឯកជន សាងសង់អគារសាលារៀនឯកជន និងសាងសង់លំនៅឋានតម្លៃសមរម្យ។ ២)- ការចុះបញ្ជីដំបូងលើចំណែកឯកជននៃអគារសហកម្មសិទ្ធិ ចំពោះគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ និង៣)-ការផ្តល់វិញ្ញាបនបត្រវាស់វែងលើកដំបូង សម្រាប់អ្នកវាស់វែងដែលជាមន្ត្រីរាជការ៕

អត្ថបទ៖សារេត