ការសិក្សាគម្រោងមជ្ឈមណ្ឌលភស្តុភារកម្ម ក្រុងព្រះសីហនុ គ្រោងនឹងបញ្ចប់ចុងខែវិច្ឆិកាខាងមុខ

សង្គម​និង​សេដ្ឋកិច្ច

ការសិក្សាសមិទ្ធិលទ្ធភាព គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ ត្រូវបានចាប់ផ្តើមហើយ បន្ទាប់ពីចុះកិច្ចព្រមព្រៀងកាលពីខែមេសា ដោយរំពឹងថានឹងបញ្ចប់ការសិក្សានាចុងខែវិច្ឆិកាខាងមុខ។នេះបើតាម ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងកិច្ចប្រជុំដំបូងបំផុតដើម្បីចាប់ផ្តើមអនុវត្ត ការសិក្សាសមិទ្ធិលទ្ធភាព គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា គោលបំណងនៃកិច្ចក្នុងគោលបំណងសំខាន់ចំនួន៦ រួមមាន៖ (១) ការណែនាំអំពីសមាសភាពក្រុមការងាររបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC (២) ការបញ្ជាក់លើគោលបំណងរបស់រាជរដ្ឋាភិបាលលើគម្រោងការងារនេះ និងអាទិភាព (៣) កិច្ចពិភាក្សាអំពី ការស្វែងរកគន្លឹះនៃរបាយការណ៍សម្រាប់ករណីអាជីវកម្ម ក្នុងទម្រង់ភាពជាដៃគូរវាងរដ្ឋ និងផ្នែកឯកជន (ហៅកាត់ថា PPP) បញ្ហា ឬ ហានិភ័យ ដែលអាចនឹងប៉ះពាល់ដល់គម្រោង (៤)បទបង្ហាញអំពី វិធីសាស្រ្តក្នុងការអនុវត្តការងាររបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC (៥) ការលើកសំណើអំពីវិធីសាស្ត្រក្នុងការទំនាក់ទំនង និងសម្របសម្រួល រវាងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនិង សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC (៦) បទបង្ហាញអំពីការកំណត់កាលបរិច្ឆេទ ដែលគ្រោងនឹងផ្តល់ជូននូវលទ្ធផលនៃការសិក្សា និងកិច្ចការជំហានបន្ទាប់។

គួរបញ្ជាក់ដែរថា មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ គឺជាមជ្ឈមណ្ឌលភស្តុភារកម្មអាទិភាពមួយក្នុងចំណោម មជ្ឈមណ្ឌលភស្តុភារកម្មអាទិភាពចំនួនពីរ ដែលនឹងត្រូវអភិវឌ្ឍជាបន្តបន្ទាប់តាមផែនការមេ (Comprehensive Intermodal Transport Master Plan 2022-2030) និងជា មជ្ឍមណ្ឌលភស្តុភារកម្មទី២ បន្ទាប់ពីគម្រោងអភិវឌ្ឍមណ្ឌលភស្តុភារកម្មភ្នំពេញ (Phnom Penh Logistics Complex) នៅក្នុងប្រទេសកម្ពុជា ដែលនឹងអាចប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌលភស្តុភារកម្មប្រចាំតំបន់ នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍។

គម្រោងនេះត្រូវបានគេរំពឹងថា នឹងត្រូវបានសិក្សាជាដំណាក់កាល ដែលរាជរដ្ឋាភិបាលត្រូវបង់កម្រៃសេវាជូន IFC ទៅតាមដំណាក់កាលនីមួយៗ ប៉ុន្តែថវិកានេះនឹងត្រូវបង្វែរសងមករាជរដ្ឋាភិបាលវិញ ដោយក្រុមហ៊ុនដែលទទួលបានជ័យជម្នះក្នុងការដេញថ្លៃជាសាធារណៈ៕

អត្ថបទ៖ ពិសី