សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យក្រសួងយុត្តិធម៌ និងអាជ្ញាធរពាក់ព័ន្ធ ខិតខំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តណែនាំឱ្យក្រសួងយុត្តិធម៌ និងអាជ្ញាធរពាក់ព័ន្ធ ខិតខំដោះស្រាយវិវាទររបស់ប្រជាពលរដ្ឋ តាមបែបក្រៅព័ន្ធតុលាការ ដើម្បីបង្កើតភាពសុខសាន្ត សុខដុមរមនាក្នុងសង្គម បង្ករភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅតាមមូលដ្ឋាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងពិធីប្រគល់សញ្ញាបត្រដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី ជិត២ពាន់នាក់។

សម្តេចតេជោ ហ៊ុន សែន បានបន្តណែនាំឱ្យមានការយកចិត្តទុកដាក់ក្នុងការអនុវត្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដល់ប្រជាពលរដ្ឋឱ្យបានច្រើន ដែលនេះគឺជារឿងល្អក្នុងការដោះស្រាយបញ្ហា វិវាទមួយចំនួននៅថ្នាក់មូលដ្ឋាន និងវិវាទជាលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋជាដើម។

ដោយសម្តេចតេជោ បានលើកឡើងដូចនេះថា «ខ្ញុំសូមឱ្យក្រសួងយុត្តិធម៌ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅមូលដ្ឋាន ដើម្បីបង្កើតភាពសុខសាន្ត សុខដុមរមនាក្នុងសង្គម បង្ករភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅតាមមូលដ្ឋាន និងឈានទៅបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រ ចំណុចនេះខ្ញុំតែងតែមានសំណូមពរជាបន្តបន្ទាប់ឱ្យមានការយកចិត្តទុកដាក់ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ»។

លើសពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកទឹកចិត្តឱ្យមានការចម្រុះសម្រួលគ្នាក្រៅប្រព័ន្ធតុលាការ ដោយមានការចូលរួមពីមន្រ្ដីយុត្តិធម៌ មេធាវី និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីជៀសវាងបញ្ហា ឬវិវាទនោះឈានទៅដល់តុលការ ឬឈានទៅដល់ការប្រឈមផ្សេងៗទៀត។ ជាមួយគ្នានេះ សម្តេចតេជោ អះអាងទៀតថា ការកាត់ក្ដីនេះត្រូវធ្វើម៉េចត្រូវប្រកាន់ភ្ជាប់នូវយុត្តិធម៌ ត្រូវប្រកាន់ភ្ជាប់ឱ្យបាន មិនត្រូវឱ្យមានពាក្យថា ឱ្យតែអ្នកមានគឺឈ្នះ អ្នកក្រចាញ់នោះទេ៕

អត្ថបទ៖ ពិសី