សម្តេចតេជោ ហ៊ុន សែន អង្វករឧកញ៉ាម្ចាស់បុរីបញ្ឈប់ការរឹបអូសផ្ទះពីអ្នកបង់ប្រាក់យឺត

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍អង្វករទៅឧកញ៉ាជាម្ចាស់បុរីទាំងឡាយដែលបាន​រឹបអូសផ្ទះពីពលរដ្ឋដែលបង់យឺត សូមកុំរឹបអូស ហើយសូមពន្យារការបង់ តម្លើងឆ្នាំ ឬកាត់បន្ថយប្រាក់បង់ ដើម្បីឲ្យពួកគាត់មានលទ្ធភាពបង់ និងអាចរស់នៅបានបន្តទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោក៏បានចាត់ឲ្យរដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិនិត្យលើបញ្ហានេះ ហើយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម សុខ ចិន្តាសោភា ស្រាវជ្រាវជាបន្ទាន់អំពីចំនួនគ្រួសារពលរដ្ឋដែលត្រូវបានរឹបអូសផ្ទះ និង ម្ចាស់បុរីដែលសម្រេចចិត្តធ្វើបែបនេះ ដើម្បីឈានទៅដោះស្រាយបញ្ហា។ សម្តេចក៏បានប្រកាសទៅម្ចាស់ផ្ទះដែលត្រូវបានម្ចាស់បុរីផ្សេងៗរឹបអូស ទៅបង្ហាញខ្លួននៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ជាថ្មីទៀត សម្តេចតេជោនាយរដ្ឋមន្ត្រី អំពាវនាវដល់ម្ចាស់បុរីដែលត្រៀមរឹបអូសផ្ទះពីពលរដ្ឋ សូមបញ្ឈប់ត្រឹមនេះ​សិន ចាប់ពីពេលទទួលសាររបស់សម្តេចពេលនេះម៉ោងនេះទៅ គឺត្រូវផ្អាក និងយោគយល់គ្នា ហើយដំណោះស្រាយគឺរៀបចំឥណទានឡើងវិញដោយមានការទទួលខុសត្រូវទាំងអ្នកបង់ និងអ្នកទទួល។ ចំពោះអ្នកដែលត្រូវបានរឹបអូសហើយ តើងម្ចាស់បុរីអាចផ្តល់ប្រាក់ត្រឡប់ឲ្យវិញពាក់កណ្តាលបានដែរទេ? នេះជាការលើកឡើងបន្ថែមរបស់សម្តេចតេជោ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះ ក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបចំនួន ១៨០៥៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ ក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង(លើកទី២) នៅព្រឹកថ្ងៃទី៩ ខែមិថុនា៕

អត្ថបទ៖ អក្ខរា