លោក អូន ព័ន្ធមុនីរ័ត្ន៖ គម្រោងធ្វើសុខដុមនីយកម្មប្រព័ន្ធគាំពារសង្គម នឹងផ្តល់ដំណោះស្រាយឌីជីថលធំៗចំនួន២

សង្គម​និង​សេដ្ឋកិច្ច

កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ កម្ពុជា បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការហើយ នូវគម្រោងធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម។តាមរយៈគម្រោងនេះ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច អះអាងថា គម្រោងនេះ នឹងផ្តល់ដំណោះស្រាយឌីជីថលធំៗចំនួន២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងថា ការដាក់ឱ្យដំណើរការនេះ មានគោលបំណងបង្ហាញពី “ការធ្វើឌីជីថលូបនីយកម្ម និងបរិវត្តកម្មឌីជីថលនៃប្រព័ន្ធគាំពារសង្គមកម្ពុជា” ដែលផ្តោតលើដំណោះស្រាយឌីជីថលចំនួន ២ សំខាន់ៗ សម្រាប់គម្រោងធ្វើសុខដុមនីយកម្មប្រព័ន្ធគាំពារសង្គមគឺ ថ្នាលគាំពារសង្គមឌីជីថល និង មូលដ្ឋានទិន្នន័យគាំពារសង្គម។

លោកបានបញ្ជាក់បន្តថា ថ្នាលគាំពារសង្គមឌីជីថល ជាថ្នាលឌីជីថលរួម ដែលមានលក្ខណៈសមាហរណ និងបានអភិវឌ្ឍឡើងសម្រាប់ធ្វើអន្តរប្រតិបត្តិការក្នុងការចុះបញ្ជី និងផ្ទៀងអត្តសញ្ញាណប្រជាជនគោលដៅ និងអត្ថគាហកក្នុងប្រព័ន្ធគាំពារសង្គម និងមានមុខងារសំខាន់ៗ ដូចជាមុខងារចុះបញ្ជីអត្តសញ្ញាណរួម, មុខងារចុះបញ្ជីទៅក្នុងកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម, មុខងារផ្ទៀងអត្តសញ្ញាណ និងសិទ្ធិនៃប្រជាជនគោលដៅ, មុខងារធ្វើយថាភូតកម្ម ដោយប្រើប្រាស់ទិន្នន័យជីវមាត្រ, និងមុខងារពិនិត្យ និងតាមដានទិន្នន័យស្ទួន ដោយធ្វើអន្តរប្រតិបត្តិការជាមួយប្រព័ន្ធចុះបញ្ជីនីមួយៗ របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធជាដើម៕