សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីជប់លៀងឲ្យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មុនចាកចេញពីកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ក្រោយញ្ចប់ជំនួបជាមួយនឹងឥស្សរជនខ្ពស់កម្ពុជាក្នុងដំណើរទស្សនកិច្ចផ្លូវការចំនួនពីរថ្ងៃរួចមក លោក អ៉ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅវេលាថ្ងៃត្រង់ថ្ងៃទី២៤ ខែកុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានរៀបចំពិធីជប់លៀងជូនដល់លោកមុនចាក់ចេញកម្ពុជា។ តាមរយៈការបំពេញទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅពេលនេះ នឹងបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន វិស័យពាណិជ្ជកម្ម និងការវិនិយោគ សេដ្ឋកិច្ច​ សង្គម ការពារជាតិ និងសន្តិសុខ និងការស្តារសង្គមសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដំណើរទស្សនកិច្ចនេះ ក៏នឹងបានរួមចំណែកក្នុងការបន្តពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែង សាមគ្គីភាពភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ និងយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាង ប្រទេសទាំងពីរ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌអាស៊ាន ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។

ក្នុងជំនួបដាច់ដោយឡែក កាលពីថ្ងៃពុធម្សិលមិញ សម្តេចតេជោ ហ៊ុន សែន និងលោក អ៉ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប បានគូសបញ្ជាក់អំពីកំណើនសេដ្ឋកិច្ចវិជ្ជមានក្នុងឆ្នាំ ២០២១ ដោយម៉ាឡេស៊ីទទួលបាន ៣,៥% និងកម្ពុជាទទួលបាន៣% នឹងត្រូវព្យាករណ៍ថានឹងមានភាពល្អប្រសើរជាងនេះទៅទៀតសម្រាប់ឆ្នាំ ២០២២។

លើសពីនេះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានសំដែងនូវការពេញចិត្តចំពោះទំនាក់ទំនងយ៉ាងជិតស្និទ្ធចំណងមិត្តភាពរឹងមាំ និងកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមកជាច្រើនវិស័យ រវាងកម្ពុជា និងម៉ាឡេស៊ីក្នុងរយៈពេល៦ទសវត្សរ៍កន្លះចុងក្រោយនេះ។

បន្ថែមទៀតនោះ ក៏នឹងបង្កើនទំនាក់ទំនងគ្រប់កម្រិតព្រមទាំងពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនឲ្យកាន់តែជិតស្និទ្ធ ដើម្បីឲ្យមានការយោគយល់គ្នា និងមិត្តភាពកាន់តែស៊ីជម្រៅបន្ថែមទៀត។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពបន្តជំរុញបន្ថែមទៀតនូវវិស័យពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ សុខាភិបាល​ ទេសចរណ៍ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក្នុងគោលបំណងជំរុញស្ដារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩។

ដើម្បីសម្រេចគោលបំណងនេះ នាយករដ្ឋមន្ត្រីទាំងពីរក៏បានឯកភាពគ្នាក្នុងការពិនិត្យលទ្ធភាពបង្កើតឲ្យមានភាពជាដៃគូ និងសម្ព័ន្ធមេត្រីភាពរវាងទីក្រុងព្រះសីហនុ និងទីក្រុងសៀមរាប ជាមួយទីក្រុងនានានៅប្រទេសម៉ាឡេស៊ីផងដែរ។​

សូមជម្រាបផងដែរ ក្នុងជំនួបនោះ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ លើកទឹកចិត្តដល់ធុរជន និងវិនិយោគិនឲ្យស្វែងរកកាលានុវត្តភាពបន្ថែមទៀតអំពីឱកាសអាជីវកម្ម និងវិនិយោគនៅប្រទេសទាំងពីរ ដោយប្រទេសទាំងពីមានកិច្ចព្រមព្រៀងស្ដីអំពីការចៀសវាងយកពន្ធត្រួតគ្នា និងការបង្ការការគេចពន្ធទាក់ទងនឹងការយកពន្ធលើប្រាក់ចំណូលរវាងប្រទេសទាំងពីរដែលបានចូលជាធរមានកាលពីថ្ងៃទី១ មករា ឆ្នាំ២០២១ និងច្បាប់វិនិយោគថ្មីរបស់កម្ពុជាដែលផ្ដល់នូវក្របខ័ណ្ឌច្បាប់ដែលបើកចំហ មានតម្លាភាព អាចព្យាករណ៍បាន និងមានប្រសិទ្ធភាពជាងមុនសម្រាប់ការវិនិយោគ៕