ឯកឧត្តម ហ៊ុន ម៉ាណែត៖ ការលើកកម្ពស់វិស័យការងារ គឺត្រូវឈរលើកត្តាចំនួន ៣ សំខាន់

សង្គម​និង​សេដ្ឋកិច្ច

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រធានរដ្ឋបាល និងប្រធានផ្នែករបស់រោងចក្រ-សហគ្រាស មកពីខេត្តនានាកាលពីថ្ងៃអាទិត្យ ទី១៨ ខែមិថុនានេះ ឯកឧត្តម ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នាពេលអនាគត បានលើកឡើងថា ទិសស្លោក “អតីតកាលឈឺចាប់ បច្ចុប្បន្នស៊ូយ៉ាប់ ដើម្បីអនាគតរុងរឿង” គឺជាមាគ៌ាសំខាន់ក្នុងការអភិវឌ្ឍប្រទេស ដែលមានគោលដៅធ្វើឱ្យប្រជាជនមានជីវិតរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ តាមរយៈការផ្តល់នូវសិទ្ធិសេរីភាព, ជីវភាព, សុខសន្តិភាព និងសេចក្តីសុខសុភមង្គល ព្រមជាមួយនឹងឱកាសគ្រប់បែបយ៉ាងក្នុងការរៀបចំផែនការជីវិតសម្រាប់អនាគតរបស់ខ្លួន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តមបន្តថា រាជរដ្ឋាភិបាល បានខិតខំបង្កលក្ខណៈតាមគ្រប់លទ្ធភាព ដើម្បីធ្វើយ៉ាងឱ្យប្រជាពលរដ្ឋអាចបំពេញនូវសក្តានុពល និងសម្រេចនូវក្តីស្រមៃរបស់ខ្លួន តាមរយៈការដាក់ចេញនូវគោលនយោបាយរបបសេដ្ឋកិច្ចទីផ្សារសេរី, កម្មសិទ្ធិឯកជន, ការលើកកម្ពស់វិស័យអប់រំ និងការទាក់ទាញការវិនិយោគ ដើម្បីបង្កើនឱកាសការងារជូនដល់ប្រជាជន។ល។

ជាមួយគ្នានេះ ឯកឧត្តមបេក្ខភាពអនាគតនាយករដ្ឋមន្ត្រីបន្តវេន បានគូសបញ្ជាក់ថា ការលើកកម្ពស់វិស័យការងារ គឺត្រូវឈរលើកត្តាចំនួន ៣ សំខាន់ គឺ បរិមាណ គុណភាព និងសមធម៌។ ឯកឧត្តមពន្យល់ថា ទី១. បរិមាណ សំដៅដល់ការរុញការវិនិយោគឱ្យទៅដល់មូលដ្ឋាន ដើម្បីបង្កភាពងាយស្រួល និងកាត់បន្ថយការចំណាយលើការធ្វើដំណើរ និងការរស់នៅរបស់កម្មករ-និយោជិត ទី២. គុណភាព សំដៅទៅលើប្រភេទនៃការវិនិយោគ ឬការធ្វើអាជីវកម្មដែលមានយុទ្ធសាស្ត្រច្បាស់លាស់ និងភាពយូរអង្វែង, ការផ្តល់ឱកាសដល់កម្មករ-និយោជិតទទួលបានបៀរវត្ស និងអត្ថប្រយោជន៍ល្អប្រសើរ និងទី៣. សមធម៌ សំដៅទៅលើការថែរក្សានូវសុខដុមនីយកម្ម នៃទំនាក់ទំនងរវាងនិយោជក និងនិយោជិត ដែលប្រៀបបាននឹងប្តីប្រពន្ធ ហើយរាជរដ្ឋាភិបាលប្រៀបដូចជាឪពុកម្តាយ-អាណាព្យាបាល។

ឯកឧត្តម ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ក្នុងនាមជាអាណាព្យាបាល, រាជរដ្ឋាភិបាលបានខិតខំបំពេញនូវកិច្ចការជាច្រើន ជាអាទិ៍៖ ទី១. បានខិតខំបង្កើតការងារតាមរយៈការទាក់ទាញ និងបង្កលក្ខណៈដល់អ្នកវិនិយោគ ដើម្បីឱ្យពួកគេមកបណ្តាក់ទុននៅកម្ពុជា ជាប្រយោជន៍ដើម្បីជីវភាពផ្ទាល់របស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ; ទី២. បានផ្តល់ការឧបត្ថម្ភគាំទ្រដល់អ្នកវិនិយោគ និងកម្មករ-និយោជិត តាមរយៈការដាក់ចេញនូវគោលនយោបាយអនុគ្រោះ និងលើកទឹកចិត្តដល់ការប្រកបធុរកិច្ចរបស់អ្នកវិនិយោគ៕