កសិករដំាទុរេននៅខាងត្បូងឃ្មុំទីផ្សារមានហាងឆេងល្អជាងដំណំាម្រេច

សង្គម​និង​សេដ្ឋកិច្ច

នៅប៉ុន្មានឆ្នំាចុងក្រោយនេះការដំាដុះទុរេននៅខាងខេត្តត្បូងឃ្មុំមានការកើនឡើងច្រើន បន្ទាប់ពីប្រជាកសិករបរាជ័យដោយសារការដំាដុះម្រេចនៅក្នុងតំបន់។ លោក តេង សុខៃ ប្រជាកសិករដំាដុះទុរេនម្នាក់រស់នៅភូមិស្ពាន ឃុំដារ ស្រុកមេមត់ខេត្តត្បូងឃ្មុំបានឱ្យដឹងថាបន្ទាប់ពីបានចាប់ផ្តើមដំានៅក្នុងកំឡុងឆ្នំា២០១៦រហូតមកដល់ពេលនេះលោកបានប្រមូលផលបាន២លើករួចហើយ ដោយលើកទី១បានផលទុរេនត្រឹមចែកចាយមិត្តភក្រ័ បងប្អូនហូប និងនៅលើទី២នេះលក់ម៉ៅឱ្យឈ្មួញនៅក្នុងតំបន់បានថ្លៃ៣ដុល្លារអាមេរិកក្នុង១គីឡូក្រាម ខណៈទុរេនកសិររូបនេះដំាដុះលើផ្ទៃដីប្រមាណ៥ហិកតា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមកសិករដំាទុរេនខាងលើថាមុនឈានដល់ការដល់ការលក់ផ្លែទុរេននៅឆ្នំានេះពីមុនលោកធ្លាប់ដំាដុះម្រេចដែលបានធ្វើការពង្រីកផ្ទៃដីដំាដុះពី២ហិកតារហូតដល់៥ហិកតា ប៉ុន្តែមិនបានប៉ុន្មានម្រេចទំាងនោះត្រូវបានខូចខាតឬងាប់អស់ ដូចទៅនិងម្ចាស់ម្រេចរបស់ប្រជាកសិករផ្សេងទៀត។

លោក តេង សុខៃ បានលើកឡើងថា «បើនិយាយពីហាងឆេងទីផ្សារទុរេននិងម្រេចឥលូវ ម្រេចវាធ្លាក់ថ្លៃ ហើយដំាម្រេចត្រូវការចំណាយដើមទុនច្រើន ប៉ុន្តែនៅពេលបានផលតម្លៃនៅលើទីផ្សារបានតែជាង៣ដុល្លារអាមេរិកក្នុងមួយគីឡូក្រាម។ តែបើម្រេចនៅពេលបច្ចុប្បន្នអាចលក់បានថ្លៃលើសពី៥ដុល្លារអាមេរិកបើយើងដំាម្រេចវាល្អជាងការដំាដុះទុរេន»។

ស្របពេលទុរេននៅខាងត្បូងឃ្មុំមានហាងឆេងនៅលើទីផ្សារក្នុងឆ្នំានេះ ប្រជាកសិករដែលធ្លាប់ខាតបង់ពីការដំាម្រេចក្នុងតំបន់កាលពីមុនងាកមកដំាទុរេនច្រើន។ សម្រាប់លោក តេង សុខៃ មានគម្រោងចង់ពង្រីការដាំដុះទុរេនបន្ថែមខ្លះទៀត តែដោយសារត្រូវការចំណាយដើមទុនច្រើនទៅលើការថែទំាកាលមួយឆ្នំាចុងក្រោយដែលឆ្នំាប្រមូលផលអស់ប្រាក់ប្រហែល៦០លានរៀលរួចមកលោកមិនទាន់សម្រេចចិត្តច្បាស់នៅឡើយទេ។

លោក ស៊ាន សម្បត្តិ អ្នកជំនាញបច្ចេកទេសលើការដំាដុះទុរេននិងដំណាំផ្សេងទៀតនៅខេត្តត្បូងឃ្មុំ បានសង្កេតឃើញថា តម្លៃទុរេននៅឆ្នំានេះមានភាពល្អប្រសើរច្រើនជាងឆ្នំាមុន ដោយសារឈ្មួញប្រមូលទិញផ្លែទុរេនៅខាងត្បូងឃ្មុំនិងមេមត់មានច្រើន។ជារួមតម្លៃទុរេនឆ្នំានេះល្អជាងដំណំាផ្សេងៗ រួមនិងម្រេចផងដែរ។

លោកលើកឡើងថា ក្នុងរយៈពេល៥ឆ្នំាចុងក្រោយនេះប្រជាកសិករបានដំាដុះទុរេនមានចំនួនច្រើន ដោយសារពួកគាត់បរាជ័យទៅលើដំណំាម្រេចហើយមកដល់ពេលនេះគាត់ចាប់ផ្តើមប្រមូលផលទុរេនហើយ។

តាមលោក ស៊ាន សម្បត្តិ តម្លៃទុរេននាពេលសព្វថ្ងៃនេះបើឈ្មួញប្រមូលទិញយកតែផ្លែធំហើយល្អក្នុង១គីឡូក្រាមថ្លៃចន្លោះពី១៤០០០ទៅ១៥០០០រៀល តែបើថ្លៃ១២០០០រៀលគឺឈ្មួញប្រមូលទិញឬម៉ៅយកទំាងអស់មិនថាតូចឬធំ។ លោកបន្តថានៅថ្ងៃខាងមុខកសិករនាំគ្នាដំាទុរេនមានចំនួនកើនឡើងថែមទៀតហើយខ្លាចចាល់ទីផ្សារ សម្រាប់បញ្ហានេះខ្ញុំមិនបារម្ភទេដោយសារនៅពេលសព្វថ្ងៃនេះខាងក្រុមរបស់ខ្ញុំកំពុងផ្តោតទៅលើគុណភាពបច្ចេកទេសសាច់និងសុវត្ថិភាពជូនដល់អ្នកបរិភោគ ដោយយើងផ្តោតសំខាន់ទៅលើផលិតផលដែលមានស្តង់ដាសម្រាប់ធ្វើការនាំចេញទៅទីផ្សារខាងក្រៅ ខុសពីពេលមុនយើងផលិតឱ្យតែបានដល់ពេលកាត់លក់។

គូសបញ្ជាក់ថាថ្មីៗនេះប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំ បានឆ្លចុះពិនិត្យមើលចម្ការទុរេន លោក តេង សុខៃ បានសង្កេតឃើញថា ចម្ការទុរេនបានរៀបចំយ៉ាងមានសោភ័ណ្ឌភាព និងស្របតាមលក្ខខណ្ឌបច្ចេកទេសបានល្អប្រសើរ ហើយប្រធានមន្ទីរបានណែនាំដល់ម្ចាស់ចម្ការ គួរស្នើសុំមកជំនាញក្នុងការចុះបញ្ជីចម្ការទុរេន និងប្រតិបត្តិគោលការណ៍ ការអនុវត្តកសិកម្មល្អ(GAP)ដើម្បីទទួលឱកាសទីផ្សារនាំចេញ និងតម្លៃកាន់តែប្រសើរថែមទៀត៕ អត្ថបទ៖សារេត