ច្បាប់ស្តីពីវិធានដើមកំណើតទំនិញនឹងក្លាយជាចលករសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែប្រសើរឡើង

សង្គម​និង​សេដ្ឋកិច្ច

ស្របពេលសេចក្តី «ព្រាងច្បាប់ស្តីពីវិធានដើមកំណើនទំនិញ» ត្រូវបានសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី១០នីតិកាលទី៤ បានអនុម័តជាឯកច្ឆន្ទយល់ព្រមដោយឥតកែប្រែនៅថ្ងៃទី២១ ខែមិថុនាហើយបើច្បាប់នេះចូលជាធរមានក្រៅពីផ្តល់នូវប្រយោជន៍ជាសារវ័ន្តដល់សង្គមជាតិទាំងមូល វាជាចលករសំខាន់ក្នុងជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក គង់ សារាជ ប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភា បានលើកឡើងថាសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញនេះ បានរៀបចំឡើងស្របតាមទម្រង់និងគតិច្បាប់ និងត្រឹមត្រូវស្របតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ ច្បាប់ និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា។

លោកបន្តថា តួនាទីដ៏សំខាន់នៃសេចក្តីព្រាងច្បាប់នេះ ក្នុងការជំរុញលំហូរពាណិជ្ជកម្ម ធានាបានដើមកំណើតទំនិញរបស់កម្ពុជា សំដៅរក្សាផលប្រយោជន៍សេដ្ឋកិច្ចកម្ពុជា និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលទទួលបានពីប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលកម្ពុជាជាសមាជិក រួមទាំងការលើកកម្ពស់សុខុមាលភាពសង្គម និងការកៀរគរចំណូលថវិកាជាតិ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា «ការរៀបចំសេចក្តីព្រាងច្បាប់នេះទ្បើង គឺដើម្បីបំពេញការសន្យារបស់កម្ពុជាក្នុងការរៀបចំច្បាប់ស្តីពីវិធានដើមកំណើតទំនិញឱ្យអនុលោមតាមកិច្ចព្រមព្រៀងស្តីពីវិធានដើមកំណើតទំនិញរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO), ការអនុវត្តនូវអនុសាសន៍ និងលទ្ធផលដែលទទួលបានពីកិច្ចប្រជុំត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្ម, ការអនុវត្តនូវកម្មវិធីការងាររាជរដ្ឋាភិបាលក្រោមក្របខ័ណ្ឌអង្គការ WTO ក៏ដូចជាការអនុវត្តនូវសកម្មភាពកំណត់ក្រោមក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣»។

លោកមរដ្ឋមន្ត្រីបានបង្ហាញនូវសេចក្តីសង្ឃឹមយ៉ាងមុតមាំថា នៅពេលដែលច្បាប់នេះចូលជាធរមាន នឹងផ្តល់នូវប្រយោជន៍ជាសារវ័ន្តដល់សង្គមជាតិទាំងមូល តាមរយៈការជំរុញបន្ថែមការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដែលជាចលករសំខាន់ក្នុងជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង។

លោក ប៉ាន សូរស័ក្តិគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល នឹងបន្តសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថាប័នជាតិ-អន្តរជាតិពាក់ព័ន្ធឱ្យកាន់តែជិតស្និទ្ធិ ដើម្បីជំរុញការអនុវត្តច្បាប់នេះឱ្យបានពេញលេញនិងមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំដ៏ឆ្នើម និងប្រកបដោយគតិបណ្ឌិត៕ អត្ថបទ៖សារេត