ប្រព័ន្ធខេមបូឌានស៊ែស្វីច ជួយឱ្យប្រជាពលរដ្ឋរស់នៅតាមជនបទប្រើប្រាស់សេវាធនាគារ បានទូលំទូលាយ

សង្គម​និង​សេដ្ឋកិច្ច

ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ចាត់ទុកប្រព័ន្ធខេមបូឌានស៊ែស្វិច ដែលធនាគារជាតិដាក់ឱ្យដំណើរការនៅថ្ងៃនេះ មានសារសំខាន់ក្នុងការលើកកម្ពស់វិស័យហិរញ្ញវត្ថុទំាងមូលតាមរយៈការពង្រីកវិសាលភាពប្រតិបត្តិការរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ហើយតាមរយៈប្រព័ន្ធថ្មីនេះអនុញ្ញាតឱ្យប្រជាពលរដ្ឋរស់នៅតាមជនបទប្រើប្រាស់សេវាហិរញ្ញវត្ថុកាន់តែទូលំទូលាយថែមទៀត នៅពេលខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការ “ប្រព័ន្ធខេមបូឌានស៊ែស្វីច(CSS)នៅថ្ងៃទី៤ កក្កដានេះ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានប្រសាសន៍ថា ប្រព័ន្ធខេមបូឌានស៊ែស្វីច បានផ្តល់នូវអត្ថប្រយោជន៍ និងភាពងាយស្រួលយ៉ាងច្រើនដល់អតិថិជនក្នុងការធ្វើប្រតិបត្តិការ អន្តរធនាគារ ដោយអនុញ្ញាតឱ្យអតិថិជនដែលមានកាត ATM អាចធ្វើការទូទាត់ការចំណាយជាមួយម៉ាស៊ីនឆូតកាត (POS) ជាមួយគ្រប់គ្រឹះស្ថានជាសមាជិក ប្រកបដោយភាពងាយស្រួល និងឆាប់រហ័ស។ បន្ថែមលើនេះ អតិថិជនក៏អាចធ្វើប្រតិបត្តិការនៅតាមម៉ាស៊ីន ATM រាប់ពាន់កន្លែងរបស់គ្រឹះស្ថាន ដែលជាសមាជិកប្រព័ន្ធ ខេមបូឌានស៊ែស្វីច នៅទូទាំងប្រទេស ដែលប្រតិបត្តិការទាំងនោះរួមមាន សេវាដកប្រាក់ ផ្ទេរប្រាក់អន្តរធនាគារ ពិនិត្យសមតុល្យគណនី និងពិនិត្យរបាយការណ៍ហិរញវត្ថុសង្ខេបតាមម៉ាស៊ីន ATM ។

លោក សុខ វឿន សង្កត់ធ្ងន់ថា «តាមរយៈបណ្តាញម៉ាស៊ីន ATM យ៉ាងទូលំទូលាយរបស់គ្រឹះស្ថានទាំងអស់ ដែលជាសមាជិកប្រព័ន្ធខេមបូឌានស៊ែស្វីច អនុញ្ញាតឱ្យប្រជាពលរដ្ឋដែលរស់នៅតាមជនបទ អាចប្រើប្រាស់សេវាធនាគារបានទូលំទូលាយ ដែលចូលរួមចំណែកយ៉ាងសកម្មក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ»។

លោក សុខ វឿន លើកឡើងថា រយៈពេលកន្លងមក សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជម្រុញការសម្របខ្លួន និងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលជាអាទិភាពស្នូលមួយរបស់ខ្លួន ដើម្បីធ្វើទំនើបកម្មប្រព័ន្ធហិរញ្ញវត្ថុឌីជីថល និងបង្កើនប្រសិទ្ធភាពក្នុងការផ្តល់នូវសេវាហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព។ បន្ថែមលើនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងនៅតែបន្តចូលរួមយ៉ាងសកម្មបន្ថែមទៀត ជាមួយរាជរដ្ឋាភិបាល លើទិសដៅនៃការធ្វើបរិវត្តកម្មឌីជីថល នៅក្នុងសង្គម និងសេដ្ឋកិច្ចកម្ពុជា៕

អត្ថបទ៖សារេត