ក្រសួងមហាផ្ទៃ ហាមមិនឱ្យពលរដ្ឋយកអត្តសញ្ញាណប័ណ្ណ ទៅបញ្ចាំសម្រាប់ធានាលើការផ្តល់ប្រាក់ឥណទាន

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងមហាផ្ទៃ បានធ្វើការប្រកាសហាមឃាត់មិនឱ្យពលរដ្ឋ យកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដាក់បញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទាននោះឡើយ ដើម្បីធានាដល់ការអនុវត្តសិទ្ធិ និងផលប្រយោជន៍នានាជូនប្រជាពលរដ្ឋខ្មែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេក្តីប្រកាសដែលផ្សាយចេញថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ដោយសារកន្លងមក ក៏ដូចជាពេលបច្ចុប្បន្នមានប្រជាពលរដ្ឋមួយចំនួនបាន យកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅដាក់បញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទាន ឬកម្ចី ជាមួយគ្រឹះស្ថាន ហិរញ្ញវត្ថុ ជាពិសេសប្រតិបត្តិករកម្ចីជនបទទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ កន្លែងទទួលបញ្ចាំ ឬជាមួយហាង លក់ទំនិញប្រើប្រាស់នានា ដែលបានអនុវត្តមិនត្រឹមត្រូវតាមក្រមរដ្ឋប្បវេណី បទប្បញ្ញតិនានា និងការណែនាំ របស់ធនាគារជាតិនៃកម្ពុជា។

ក្រសួងបន្តថា៖« អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជាឯកសារផ្លូវការមួយសម្រាប់បញ្ជាក់អំពីអត្តសញ្ញាណបុគ្គលម្នាក់ៗ ដែលមានសញ្ជាតិខ្មែរ ត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋខ្មែរសម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងការស្នើសុំសេវានានា ក៏ដូចជាការអនុវត្តសិទ្ធ និងកាតព្វកិច្ចជាពលរដ្ឋខ្មែរ។ ការយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុកជាវត្ថុបញ្ចាំ សម្រាប់ធានាលើការផ្តល់ឥណទាន ឬកម្ចី គឺជាឧបសគ្គដែលធ្វើឱ្យប្រជាពលរដ្ឋរូបនោះមិនអាចប្រើប្រាស់នូវសិទ្ធិស្នើសុំការផ្តល់សេវាផ្សេងៗស្របតាមច្បាប់ ដើម្បីទទួលអត្ថប្រយោជន៍ពីសេវាទាំងនោះ»។

ហេតុនេះ ក្នុងគោលដៅធានាដល់ការអនុវត្តសិទ្ធិ និងផលប្រយោជន៍នានាជូនប្រជាពលរដ្ឋខ្មែរ ជាពិសេសការ ប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់យកទៅប្រើប្រាស់ក្នុងការបោះឆ្នោត ក្រសួងមហាផ្ទៃ សូមធ្វើ ការណែនាំដល់គណៈអភិបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ដែលជាប្រធានគណៈកម្មការដឹកនាំជំរុញផ្តល់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្តនូវកិច្ចការមួយចំនួនរួមមាន៖ ត្រូវបង្កើតក្រុមការងារមួយដើម្បីចុះស្រង់ និងរៀបចំបញ្ជីគ្រឹះស្ថានហិរញ្ញវត្ថុ ប្រតិបត្តិករកម្ចីជនបទ ក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ ហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំ ដែលមានប្រជាពលរដ្ឋ បានយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅដាក់បញ្ចាំ សម្រាប់ធានាលើការផ្តល់ឥណទាន ឬកម្ចី និងដកយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើមមកវិញ ហើយថតចម្លងអត្តសញ្ញាណប័ណ្ណ ទាំងនោះ និងធ្វើការបញ្ជាក់លើភាពត្រឹមត្រូវ រួចប្រគល់ឯកសារថតចម្លងនោះជូនទៅសាមីគ្រឹះស្ថាន ហិរញ្ញវត្ថុ ប្រតិបត្តិករកម្ចីជនបទក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ ហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួល បញ្ចាំទាំងនោះវិញ។

ជាមួយគ្នា អាជ្ញាធរត្រូវប្រគល់អត្តសញ្ញាណប័ណ្ណដែលបានដកហូតពីគ្រឹះស្ថានហិរញ្ញវត្ថុ ប្រតិបត្តិការកម្ចីជនបទក្នុង ប្រព័ន្ធ ឬក្រៅប្រព័ន្ធ និងហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំ ជូនប្រជាពលរដ្ឋខ្មែរដែល ជាម្ចាស់អត្តសញ្ញាណប័ណ្ណវិញ។លើសពីនេះ ក៏ត្រូវចុះណែនាំជាប្រចាំដល់គ្រឹះស្ថានហិរញ្ញវត្ថុ ប្រតិបត្តិករកម្ចីជនបទទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ និងហាងលក់ទំនិញប្រើប្រាស់នានា ឬកន្លែងទទួលបញ្ចាំ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនអំពីការហាម ឃាត់ចំពោះការយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជាវត្ថុបញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទាន។

ទន្ទឹមគ្នានេះ ក្នុងករណីរកឃើញថាមានគ្រឹះស្ថានហិរញ្ញវត្ថុ ឬប្រតិបត្តិករកម្ចីជនបទក្នុងប្រព័ន្ធណានៅតែបន្តយក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលផ្ទុយទៅនឹងការណែនាំរបស់ធនាគារជាតិនៃកម្ពុជា រដ្ឋបាល រាជធានី ខេត្ត ត្រូវជូនដំណឹងទៅធនាគារជាតិនៃកម្ពុជា ដើម្បីដាក់ទណ្ឌកម្មស្របតាមច្បាប់។ បន្ថែមពីនេះ ក្នុងករណីរកឃើញថាមានប្រតិបត្តិករកម្ចីជនបទក្រៅប្រព័ន្ធ ឬហាងលក់ទំនិញប្រើប្រាស់នានា ឬកន្លែងទទួលបញ្ចាំណានៅតែបន្តយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់ការធានាលើការផ្ដល់ ឥណទាន រដ្ឋបាលរាជធានី ខេត្ត ត្រូវចាត់វិធានការផ្អាកអាជីវកម្មនោះ ស្របតាមបែបបទ និងនីតិវិធី ដែលស្ថិតនៅក្នុងសិទ្ធិអំណាចរបស់ខ្លួន។

អាស្រ័យហេតុនេះ ក្រសួងមហាផ្ទៃ បានបញ្ជាក់ទៀតថា ស្ថាប័នពាក់ព័ន្ធក៏ត្រូវសហការយកចិត្តទុកដាក់ផ្សព្វផ្សាយអប់រំឱ្យបានទូលំទូលាយតាមគ្រប់មធ្យោបាយ និងរូបភាព សំដៅលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋអំពីអត្ថប្រយោជន៍នៃអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផងដែរ៕

អត្ដបទ៖ ពិសី