ស្រ្តីខ្មែរដំបូងគេ៣រូបរៀនចប់ផ្នែកនុយក្លេអ៊ែរស៊ីវិល​នៅរុស្សុី មានការយកចិត្តទុកដាក់ពីកូនសម្តេចម្នាក់

សង្គម​និង​សេដ្ឋកិច្ច

មោទកភាពកម្ពុជា ដែលមាននិស្សិត​៤រូប ក្នុងនោះមានស្រ្តីដំបូងគេបង្អស់៣រូប បានបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិល ប្រកបដោយជោគជ័យប្រទេសរុស្សុី កាលពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មជ្ឈមណ្ឌល CAM-ATOM បានប្រកាសសម្តែងនូវសេចក្តីរីករាយ និងអបអរសាទរជូនចំពោះកញ្ញា គី ទិត្យម៉ារីណែត, កញ្ញា សុីវ គីមលី, កញ្ញា ណោង ជាលីណា និងលោក ញូង ម៉ានិតដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ជំនាញ Nuclear Power Engineering and Thermal Physics (ជំនាញនុយក្លេអ៊ែរស៊ីវិល) ដោយជោគជ័យពីសាកលវិទ្យាល័យលំដាប់កំពូលទាំងពីរគឺ សាកលវិទ្យាល័យ Bauman Moscow State Technical University ទីក្រុង Moscow និងសាកលវិទ្យាល័យ National Research Nuclear University MEPhI ទីក្រុង Obninsk សហព័ន្ធរុស្ស៊ី។

សូមបញ្ជាក់ថា បញ្ញវន្តទាំង៤រូប (បញ្ញវន្តស្រ្តី៣រូប ជាស្រ្តីខ្មែរដំបូងដែលបានបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិល ប្រកបដោយជោគជ័យ) ជានិស្សិតបញ្ចប់ការសិក្សា ជំនាញថាមពលនុយក្លេអ៊ែរស៊ីវិល ជំនាន់ទី០២ នៃគម្រោងអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអាចឈានទៅសម្រេចបានការអភិវឌ្ឍន៍វិស័យថាមពលនុយក្លេអ៊ែរស៊ីវិលនៅកម្ពុជានាពេលខាងមុន។

ជាមួយគ្នានេះផងដែរ និស្សិតកម្ពុជាទាំង៤រូប ក៏ដូចជានិស្សិតកម្ពុជាផ្សេងទៀតដែលកំពុងសិក្សានៅសហព័ន្ធរុស្ស៊ី លើជំនាញថាមពលនុយក្លេអ៊ែរស៊ីវិល និងជំនាញពាក់ព័ន្ធ តែងតែទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីកូនប្រុសសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា គឺលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។

ការបញ្ចប់ការសិក្សារបស់និស្សិតកម្ពុជាទាំង៤រូបនេះ​មជ្ឈមណ្ឌល CAM-ATOM ក៏បានចាត់ទុកដែលថានេះជាមោទនភាពសម្រាប់ប្រជាជាតិខ្មែរទាំងមូល៕