រដ្ឋាភិបាល និងក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ប្តេជ្ញាជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែខ្លាំង សំដៅផ្សព្វផ្សាយគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិបន្ថែមទៀត។

នេះបើយោងតាមជំនួបពិភាក្សារវាងលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ហួត ហាក់ ជាមួយ លោក David Zhan នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) និងសហការី ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។
ជំនួបពិភាក្សារវាងភាគីទាំងពីរ ក៏ធ្វើឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន Air Cambodia ក្នុងគោលបំណងជំរុញវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែរីកចម្រើន និងមានប្រសិទ្ធភាពខ្ពស់។ ភាគីទាំងពីរ ក៏បានពិភាក្សាផ្តោតលើការពង្រីកបណ្តាញជើងហោះហើរ ការបង្កើនគុណភាពសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស និងការផ្សព្វផ្សាយគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

ជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងសហការល្អ ដោយក្រសួងទេសចរណ៍ បានសម្តែងការស្វាគមន៍ និងកោតសរសើរចំពោះក្រុមហ៊ុន Air Cambodia ដែលបានចូលរួមយ៉ាងសកម្មក្នុងការជំរុញវិស័យទេសចរណ៍ និងការតភ្ជាប់បណ្តាញជើងហោះហើរកម្ពុជា ជាមួយបណ្តាប្រទេសនានានៅលើពិភពលោក ខណៈក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការពង្រឹងកិច្ចសហការជាមួយក្រសួងទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិផងដែរ៕ អត្ថបទ៖ហ្សាលីន

