មេទ័ពជើងគោក៖ អ្វីៗគឺស្ថិតនៅលើខ្លួនយើង…យើងខ្លួនឯងតែម្នាក់គត់ដែលជាកត្តាកំណត់នៃជោគជ័យរបស់យើង

សង្គម​និង​សេដ្ឋកិច្ច

មេទ័ពជើងគោកវ័យក្មេង ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកក្រសួងការពារជាតិ បានចែករំលែកបទពិសោធន៍ការហ្វឹកហ្វឺនយោធាដែលអាចយកមកអនុវត្តនៅក្នុងការងារផ្សេងៗក្នុងជីវិត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយ:បណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃអាទិត្យ ទី៩​ ខែកក្កដានេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា មានមិត្តមួយចំនួនបានប្រាប់ឯកឧត្តមថា កាន់តែជិតដល់បោះឆ្នោត មានមនុស្សមួយក្រុមបានព្យាយាមកាន់តែសកម្មក្នុងការបង្កើតនិងប្រឌិតរឿងប្លែកៗ ដើម្បីធ្វើការវាយប្រហារលើរូបឯកឧត្តម ក្នុងគោលបំណងបង្អាក់ដំណើររបស់ឯកឧត្តមមិនអោយទៅមុខ រហូតដល់មានអ្នកខ្លះរៀបចំជាផែនការទប់ស្កាត់ជាចំហរ។

ឯកឧត្តម ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បញ្ហានេះនាំអោយឯកឧត្តមនឹកឃើញដល់ការហ្វឹកហ្វឺនមួយកាលពីឯកឧត្តមនៅជាសិក្ខាកាមនិស្សិតនាយទាហាននៅសហរដ្ឋអាមេរិក គឺការហ្វឹកហ្វឺនឆ្លងកាត់ឧបសគ្គ ដែលតម្រូវអោយសិក្ខាកាមម្នាក់ៗដើរទៅរកគោលដៅមួយ ដោយដើរលើបង្គោលដែកដែលមានរយៈកំពស់ខ្ពស់មធ្យមពីលើផ្ទៃទឹក (ដូចក្នុងរូបថតភ្ចាប់ជាមួយ) ។

ឯកឧត្តម ហ៊ុន ម៉ាណែត អនាគតនាយករដ្ឋមន្រ្តីបន្តវេន បានលើកឡើងបញ្ជាក់ថា សម្រាប់ឧបសគ្គនេះ បញ្ហាប្រឈមមានពីរគឺ៖ កត្តាទីលាននិងឧបសគ្គ និងកត្តាមនុស្ស។ -កត្តាទីលាននិងឧបសគ្គ៖ ១) បញ្ហាកំពស់ – ដោយឧបសគ្គនោះមានកំពស់ខ្ពស់មធ្យម ដែលអាចអោយសិក្ខាកាមខ្លះដែលខ្លាចទីខ្ពស់មានអារម្មណ៍ភិតភ័យមិនហ៊ានដើរឆ្លងកាត់ និង ២) បញ្ហាលំនឹង – បង្គោលដែកដែលធ្វើជាស្ពានសម្រាប់សិក្ខាកាមដើរឆ្លងនោះមិនមានលំនឹងល្អទេ។ ពេលដែលសិក្ខាកាមដើរឆ្លងកាត់លើវាគឺវាចាប់ផ្តើមញ័រ ហើយបើការដើរនោះមានការយឺតយ៉ាវ (មិនលះ) ឬសិក្ខាកាមមានអារម្មណ៍ភ័យញ័រខ្លួននោះ នឹងធ្វើអោយបង្គោលដែកនោះញ័រតែខ្លាំងដែលបង្កជាឧបសគ្គកាន់តែខ្លាំងសម្រាប់ការដើរទៅមុខទៀត។ – កត្តាមនុស្ស – បន្ថែមពីលើកត្តាទីលានឧបសគ្គ ក៏មានបញ្ហាដែលបង្កើតដោយមនុស្សទៀត ពោលគឺក្រុមគ្រូ អាចស្រែកដាក់ទៅសិក្ខាកាមក្នុងគោលបំណងអោយសិក្ខាដែលកំពុងដើរលើបង្គោលបែកអារម្មណ៍ ឬក៏អាចពេលខ្លះលោតតន្រ្តំធ្វើយ៉ាងណាអោយបង្គោលដែកដែលសិក្ខាកាមត្រូវដើរឆ្លងកាន់ញ័រខ្លាំង ដែលក្លាយជាឧបសគ្គកាន់តែខ្លាំងសម្រាប់សិក្ខាកាមឆ្លងកាត់

ដើម្បីជោគជ័យ បើតាមឯកឧត្តមបណ្ឌិត សិក្ខាកាមត្រូវ ទី១- ផ្តោតអារម្មណ៍ទៅលើគោលដៅដែលយើងត្រូវទៅ តាំងចិត្តអោយរឹងមាំនិងប្រមូលផ្តុំអារម្មណ៍អោយមូល ហើយដើរទៅមុខឆ្ពោះទៅរកគោលដៅនោះ ប្រកបដោយភាពជឿជាក់លើខ្លួនយើង និងកុំអោយមានភាពស្ទាក់ស្ទើរ ឬភ័យខ្លាចណាមួយ ទោះជាបង្គោលដែកនោះមានកម្ពស់ខ្ពស់ និងមិនមានលំនឹងល្អក៏ដោយ — ពោលគឺត្រូវដាក់ការសម្រេចគោលដៅជាធំ ជាជាងផ្តោតអារម្មណ៍ទៅលើបញ្ហាប្រឈមនានាដែលអាចបង្កជាឧបសគ្គក្នុងការដើរទៅមុខរបស់យើង។ ២- កុំខ្វល់ពីក្រុមគ្រូ(ក្រុមមនុស្ស)ដែលខិតខំប្រឹងព្យាយាមបំបែកអារម្មណ៍យើងតាមរយៈការប្រើពាក្យសម្តីស្រែកដាក់យើង ឬខំប្រឹងលោតតន្រ្តំអោយបង្គោលដែកកាន់តែញ័រក្នុងគោលបំណងបង្កើតជាឧបសគ្គមិនអោយយើងដើរដល់គោលដៅរបស់យើងដោយជោគជ័យ។

ឯកឧត្តមបន្ថែមថា «សរុបសេចក្តីមកអ្វីៗគឺស្ថិតនៅលើខ្លួនយើង… យើងខ្លួនឯងតែម្នាក់គត់ដែលជាកត្តាកំណត់នៃជោគជ័យរបស់យើង។ ដើរដល់គោលដៅឬមិនដល់គោលដៅ គឺជាកាតព្វកិច្ចនិងការទទួលខុសត្រូវរបស់យើងខ្លួនឯង មិនមែនអាស្រ័យធំទៅលើកត្តាបរិស្ថានជុំវិញ ដូចជាទីលាននិងឧបសគ្គ ឬកត្តាមនុស្សផ្សេងដូចជាក្រុមគ្រូនោះទេ។ ជាពិសេសកុំចាំបាច់ផ្តោតអារម្មណ៍ ឬអោយតម្លៃទៅលើអ្នកដែលព្យាយាមរារាំងមិនអោយយើងដើរដល់គោលដៅរបស់យើងធ្វើអ្វី ព្រោះពេលយើងដើរដល់គោលដៅរបស់យើងដោយជោគជ័យ អ្នកទាំងនោះនឹងបរាជ័យដោយស្វ័យប្រវត្ត»៕