មន្ត្រីជំនាញកំពុងរៀបចំចុះបញ្ជី “សូត្រភ្នំស្រុក”ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ

សង្គម​ និង​សេដ្ឋកិច្ច

លោក សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងមន្ត្រីជំនាញបានធ្វើទស្សនៈកិច្ចសិក្សាស្វែងយល់អំពីខ្សែច្រវ៉ាក “សូត្រភ្នំស្រុក” និងប្រមូលធាតុចូលរៀបចំលក្ខន្តិកៈ និងភៅបន្ទុក “សូត្រភ្នំស្រុក”ដែលមានទីតាំងនៅភូមិប៉ោចារ ឃុំប៉ោចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដើម្បីចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្មកាលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥បានបង្ហាញថា ដំណើរទស្សនៈកិច្ចសិក្សារបស់មន្ត្រីជំនាញខាងលើទទួលបានលទ្ធផល៖ (១) នៅក្នុងពេលបច្ចុប្បន្ន នៅតំបន់ភ្នំស្រុកមានអ្នកចិញ្ចឹមដង្កូវនាង ១៦ គ្រួសារ និងមានអ្នកតម្បាញ ៧០ គ្រួសារ។ បរិមាណសូត្រដែលផលិតបានអាស្រ័យទៅតាមគ្រួសារនីមួយៗ។ ភាគច្រើនសូត្រត្រូវបានប្រើប្រាស់សម្រាប់ត្បាញជាសារ៉ុង សំពត់ កន្សែងសូត្រ និងផាមួង (ទៅតាមការបញ្ជារទិញរបស់អ្នកប្រើប្រាស់) (២) ក្រុមការងារបានស្វែងយល់អំពីខ្សែច្រវ៉ាក់ផលិតកម្មសូត្រភ្នំស្រុកដោយមានតួអង្គសំខាន់ៗមួយចំនួនដូចជា អ្នកដាំមន អ្នកចិញ្ចឹមដង្កូវនាង និងអ្នកតម្បាញ។ តាមរយៈព័ត៌មានទាំងអស់នេះ អាចឲ្យក្រុមការងារស្វែងយល់បានអំពីរចនាសម្ព័ន្ធសមាគមអន្តរៈវិជ្ជាជីវៈដែលគ្រប់គ្រងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងលក្ខន្តិកៈដែលត្រូវរៀបចំ (៣) បានប្រមូលធាតុចូលសំខាន់ៗមួយចំនួនដើម្បីការរៀបចំសៀវភៅបន្ទុក “សូត្រភ្នំស្រុក” ដូចជាឈ្មោះផលិតផលដែលត្រូវចុះបញ្ជី លក្ខណៈពិសេសប្លែកគេនៃសូត្រភ្នំស្រុក ប្រភេទផលិតផលដែលត្រូវចុះបញ្ជីការពារ (សរសៃសូត្រ ក្រណាត់សូត្រ និងផលិតផលសម្រេច) បច្ចេកទេសសំខាន់ៗមួយចំនួនក្នុងការដាំមន ចិញ្ចឹមដង្កូវនាង ការស្រាវសរសៃសូត្រ ការត្បាញ តំបន់ភូមិសាស្រ្ត។ល។

សម្រាប់ជំហ៊ានបន្ទាប់ ក្រុមការងារបច្ចេកទេសនឹងរៀបចំសេចក្តីព្រាងសៀវភៅបន្ទុក លក្ខន្តិកៈ និងបន្ទាប់មកប្រជុំជាមួយភាគីពាក់ព័ន្ធដើម្បីបង្ហាញ និងប្រមូលធាតុចូលបន្ថែម ដើម្បីឈានឆ្ពោះទៅការចុះបញ្ជី “សូត្រភ្នំស្រុក” ឲ្យបានត្រឹមខែ មេសា ឆ្នាំ ២០២៦។

លោក សួន វិជ្ជា មានប្រសាសន៍ថា “គិតមកទល់ពេលនេះ យើងបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញចំនួន៨ និងម៉ាក សមូហភាពចំនួន១១ ហើយបច្ចុប្បន្នយើងកំពុងរៀបចំចុះបញ្ជីសម្គាលភូមិសាស្ត្រ ស្វាយចន្ទីកំពង់ធំ ក្តាមថ្មកោះកុង និងស្វាយឧត្តរមានជ័យ សូត្រភ្នំស្រុក និងទុរេនកំពត”។

បើតាមមន្ត្រីជំនាញខាងលើ, ផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញមានសារសំខាន់ ជួយបង្កើនតម្លៃឬវាមានតម្លៃខ្ពស់, បង្កើនគុភាព ,បង្កើនជំនឿទុកចិត្តនៅក្នុងទីផ្សារ និងជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ជួយឱ្យសម្រេចបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ និងសម្រេចបាននូវគោលនយោបាយអភិវឌ្ឍន៍ជនបទជាដើម៕