សម្តេចតេជោ ហ៊ុន សែន បង្ហើបប្រាប់នាយករដ្ឋមន្រ្តីហ្គីណេប៊ីសាវ អំពីការរៀបចំបន្តវេនក្រោយការបោះឆ្នោត

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានទទួលជួបសម្តែងការគួរសមជាមួយលោក ប៉ារទីដូ ដឺ នូណូ ណាប៊ីម (Partido de Nuno Nabiam) នាយករដ្ឋមន្ត្រីប្រទេសហ្គីណេប៊ីសាវ (Guinea-Bissau) នៅល្ងាចថ្ងៃទី២៣ ខែកក្កដានេះ ស្របពេលដែលលោកបានអញ្ជើញមកបំពេញទស្សនកិច្ចការងារ និងចូលរួមសង្កេតការណ៍សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនេះសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះនាយករដ្ឋមន្ត្រីនៃប្រទេសហ្គីណេប៊ីសាវ ដែលបានទទួលយកនូវការអញ្ជើញរបស់សម្ដេចមកសង្កេតការបោះឆ្នោតនៅកម្ពុជានៅពេលនេះ។

នៅក្នុងជំនួបពិភាក្សានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានបង្ហើបពីការរៀបចំឱ្យមានការបន្តវេនក្រោយការបោះឆ្នោត ដែលនាយករដ្ឋមន្ត្រី ហ្គីណេប៊ីសាវ បានសន្យាថានឹងធ្វើការជាមួយនឹងរដ្ឋាភិបាលថ្មី ដែលនឹងដឹកនាំដោយបណ្ឌិត ហ៊ុន ម៉ាណែត។

ក្នុងបទសម្ភាសជាមួយទូរទស្សន៍ phoenix ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង សម្តេចតេជោ ហ៊ុន សែន បានបង្ហើបថា ក្រោយការបោះឆ្នោតពី៣ ទៅ៤ សប្ដាហ៍ ហ៊ុន ម៉ាណែត អាចក្លាយជានាយករដ្ឋមន្រ្តី។ ក្នុងកិច្ចសម្ភាសដដែលនោះ សម្ដេចតេជោនាយករដ្ឋមន្រ្តី ក៏បានពន្លយសម្តីដែលគួរឱ្យចាប់អារម្មណ៍ថា សម្ដេចតេជោ នឹងអាចលែងមានអំណាច ក្រោយការបោះឆ្នោតដែលហាក់មានន័យថា លោកប​ណ្ឌិត ហ៊ុន ម៉ាណែត នឹងធ្វើជានាយករដ្ឋមន្រ្តី ដឹកនាំរដ្ឋាភិបាលជំនួសសម្ដេច។

សូមជម្រាបជូនថា ការបោះឆ្នោតបានបិទបញ្ចប់ហើយ ខណៈដែលមានប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណជាង ៨៤.៥៨ភាគរយបានទៅបោះឆ្នោត ក្នុងចំណោម​ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ បើតាមលទ្ធផលក្រៅផ្លូវការ បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជាបាននាំមុខ ដោយអាចគ្រប់គ្រង ១២០អាសនៈ ខណៈគណបក្សហ៊្វុនស៉ិនប៉ិច ដែលដឹកនាំដោយអ្នកអង្គម្ចាស់​ នរោត្តម ចក្រាវុធ ទទួលបាន ៥អាសនៈ៕