ក្រុមហ៊ុន Meta ទាត់ចោលសំណើរក្រុមប្រឹក្សាភិបាលត្រួតពិនិត្យឲ្យបិទ Facebook Page សម្តេចតេជោ ហ៊ុន សែន

សង្គម​និង​សេដ្ឋកិច្ច

នៅទីបំផុត! ក្រុមហ៊ុនMeta Platform Inc. សម្រេចមិនពិន័យ Facebook Page របស់សម្តេចតេជោ ហ៊ុន សែន នោះទេ ដែលមានឈ្មោះថា Samdech Hun Sen, Cambodian Prime Minister ប៉ុន្តែថ្មីៗនេះ Facebook Page ត្រូវបានប្តូរឈ្មោះមក Samdech Hun Sen of Cambodia វិញ បន្ទាប់សម្តេចតេជោចាកចេញពីតំណែងនាយករដ្ឋមន្រ្តី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមលិខិតរបស់ក្រសួងប្រៃសយ៍ និងទូរគមនាគមន៍ នៅល្ងាចថ្ងៃអង្គារ៍ទី២៩ ខែសីហានេះ បានឲ្យដឹងថា ក្រុមហ៊ុន Meta Platforms Inc. បានបដិសេធនូវការផ្ដល់អនុសាសន៍របស់សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc. ចំនួន ២២រូប ដែលបានស្នើឱ្យផ្អាកជាបណ្ដោះអាសន្នចំពោះគណនី Facebook ផ្លូវការរបស់ សម្ដេចតេជោ ហ៊ុន សែន។

ទន្ទឹមនឹងនោះ ក្រសួងប្រៃសណីយ៍ ក៏បានអនុញ្ញាតឲ្យតំណាងក្រុមហ៊ុនFacebook បន្តបំពេញការងារនៅកម្ពុជាតទៅទៀតផងដែរ។

ជុំវិញការប្រកាសមិនពិន័យហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន កាលពេលកន្លងទៅ ក្រសួងប្រៃសណីយ៍ចាត់ទុកថា ជាការវិនិច្ឆ័យដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុន Meta Platforms Inc.។ ក្រសួងបន្តថា ការសម្រេចនេះ គឺបញ្ជាក់អំពីសុចរិតភាពនៃការផ្សព្វផ្សាយមាតិកាព័ត៌មានលើគណនី Facebook ផ្លូវការរបស់ សម្ដេចតេជោ ហ៊ុន សែន។

តែទោះជាយ៉ាងណា ក្រសួងប្រៃសណីយ៍កម្ពុជា ក៏ប្រកាសមិនស្វាគមន៍ចំពោះបុគ្គលទាំង ២២រូប ជាសមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc. ដែលបានផ្ដល់អនុសាសន៍ដ៏អាក្រក់មានចរិតនយោបាយ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

គួររម្លឹកថា កាលពេលកន្លងទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសបណ្តេញអ្នកតំណាងរបស់ក្រុមហ៊ុន Meta Platforms ចេញពីប្រទេសកម្ពុជាដែលកំពុងបំពេញការងារចំនួន ២២រូប បន្ទាប់ពីស្នើសុំទៅក្រុមហ៊ុន Meta ដាក់ពិន័យហ្វេសប៊ុកផេករបស់សម្តេចតេជោ ហ៊ុន សែន ប៉ុន្តែភ្លាមៗនោះសម្តេចតេជោក៏សម្រេចលុបផេកនោះ ហើយក្រោយបិទបានមួយរយៈអ្នកកាន់ផេករបស់សម្តេចតេជោក៏យកមកប្រើប្រាស់វិញរហូតមកដល់បច្ចុប្បន្ន។

សូមជម្រាបជូនបន្ថែមដែរថា នៅពេលប្រកាសបិទ Facebook សម្តេចតេជោក៏បានប្រកាសពីការប្រើប្រាស់បណ្តាសង្គមតេឡេក្រាម Tiktuk និងរបស់សង្គមរបស់មហាសេដ្ឋីពិភពលោក Elon Mask គឺ Twitter ជំនួសសម្រាប់បញ្ចេញសារផ្សេងៗរបស់សម្តេចជូនជនរួមមានជាតិ៕