ក្រុមហ៊ុនចិន គ្រោងបោះទុន ១២,៧ពាន់ដុល្លារ វិនិយោគលើផ្ទៃដី ៧៥ម៉ឺនហិកតានៅខេត្តចំនួន៤

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុនចិនដ៏ធំមួយ ឈ្មោះ Danong Development Group គ្រោងបោះទុនប្រមាណ ១២,៧ពាន់ដុល្លារ ដើម្បីវិនិយោគលើវិស័យកសិ-ឧស្សាហកម្មបែបទំនើប លើផ្ទៃដីចំនួន ៧៥ម៉ឺនហិកតា ក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ សៀមរាប និងខេត្តកំពង់ធំ។ នេះបើតាមការឱ្យដឹងពីក្រសួងព័ត៌មានកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងព័ត៌មាន បានឱ្យដឹងថា តាមរយៈសន្និសីទសារព័ត៌មានស្តីពី គម្រោងវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម កាលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ លោក សៅ ស៊ូជី ប្រធានក្រុមហ៊ុន ដាណុង ឌីវេឡុបមែនគ្រុប បានលើកឡើងថា គោលបំណងនៃការវិនិយោគនេះ នៅក្នុងខេត្តទាំង៤នេះ គឺនឹងផ្តោតលើការដាំដុះ និងបង្កាត់ពូជដំណាំ និងសត្វ ចំនួន៤ប្រភេទ ទី១. ដាំស្មៅ សម្រាប់ចំណីសត្វ, ទី២. បង្កាត់ និងដាំពូជពោត, ទី៣. ដាំ និង កែច្នៃដំឡូមី និងទី៤. បង្កាត់ និងចិញ្ចឹមគោ និងជ្រូក ហើយផលិតផលកសិកម្មទាំងនេះភាគច្រើន គឺសម្រាប់នាំចេញទៅ ប្រទេសចិន ។

តាមរយៈ គម្រោងនេះ អ្នកតាមដានផ្នែកសង្គម និងទំនាក់ទំនងកម្ពុជា-ចិន បានស្វាគមន៍ចំពោះគម្រោងវិនិយោគរបស់ចិននៅកម្ពុជា ដើម្បីកំណើនសេដ្ឋកិច្ចជាតិ និងបង្កើតការងារជូនប្រជាពលដ្ឋកាន់តែច្រើន។

គួរបញ្ជាក់ដែរថា បើតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថា ក្នុងឆ្នាំ២០២២ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ចិន គឺសម្រេចបានក្នុងទំហំទឹកប្រាក់សរុប ជាង ១១ពាន់ប្រាំមួយរយលានដុល្លារ៕ អត្ថបទ៖ ពិសី