នាយករដ្ឋមន្ត្រីថ្មី ដាក់ចេញកម្មវិធីនយោបាយអាទិភាពចំនួន៦ ដោយចាប់ផ្តើមអនុវត្តភ្លាមក្នុងឆ្នាំ ២០២៣

សង្គម​និង​សេដ្ឋកិច្ច

កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៣ រដ្ឋសភា បានសម្រេចអនុម័តគាំទ្រទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី  ទៅលើឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ឱ្យធ្វើជានាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណាត្តិថ្មី និតិកាលទី៧នេះ ជាផ្លូវការហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈការផ្តល់នូវសេចក្តីសម្រេចអនុម័តជាផ្លូវការ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានអះអាងថា ក្នុងនាមជាប្រមុខនៃរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី ៧ នៃ រដ្ឋសភា ឯកឧត្តមបានធ្វើការសន្យា និងធ្វើការប្តេជ្ញាជាជូនបងប្អូនជនរួមជាតិទូទាំងប្រទេសថា ឯកឧត្តម នឹងប្តូរផ្តាច់ដឹកនាំស្ថាប័ននីតិប្រតិបត្តិរបស់ជាតិ ធានាអនុវត្តឱ្យបានសម្រេចជោគជ័យ នូវ «កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល» ដែលជាការសន្យារបស់គណបក្សប្រជា- ជនកម្ពុជា ជូនដល់ប្រជាពលរដ្ឋនៅមុនការបោះឆ្នោត។

ទន្ទឹមគ្នានេះ ឯកឧត្តមថា ក្នុងនាំជាអ្នកដឹកនាំឯកឧត្តមបានដាក់ជូនអង្គរដ្ឋសភា ដោយផ្តោតការយកចិត្តទុកដាក់លើ កម្មវិធីគោលនយោបាយ ជាអាទិភាព ទាំង ៦ ដែលនឹងត្រូវបានដាក់ឱ្យចាប់ផ្តើមអនុវត្តភ្លាម នៅក្នុងឆ្នាំ ២០២៣ នេះ រួមមាន ៖

១.ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល,២. ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ជូនដល់យុវជនមកពី គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស,៣. ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជន ងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋ- កិច្ច និង គ្រាមានគ្រោះអាសន្ន,៤. ការដាក់ចេញ និង ការជំរុញ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យ មានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និង អាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធ គាំពារសង្គមផ្លូវការ,៥. ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម, រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និងទី៦. ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមាន សកម្មភាពកសិកម្ម នៅទូទាំងប្រទេស និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទជាដើម៕

អត្ថបទ៖ ពិសី