នាយករដ្ឋមន្រ្តីថ្មី នឹងដឹកនាំវេទិការាជរដ្ឋាភិបាលផ្នែកឯកជន លើកទី១៩ នៅខែវិច្ចិកា ខាងមុខ

សង្គម​និង​សេដ្ឋកិច្ច

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា ឯកឧត្តម នឹងដឹកនាំវេទិការាជរដ្ឋាភិបាលផ្នែកឯកជន លើកទី១៩ ដែលនឹងរៀបចំឡើងនៅខែវិច្ចិកា ខាងមុខ ដើម្បីស្តាប់នូវមតិយោបល់ និងស្វែងរកដំណោះស្រាយសមស្របលើវិស័យឯកជន។ ការលើកឡើងនេះ ត្រូវបានធ្វើឡើនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូង នីតិកាលទី៧ នៃរដ្ឋសភា កាលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា វេទិការាជរដ្ឋាភិបាលផ្នែកឯកជន លើកទី១៩ នៅខែវិច្ចិកា ខាងមុខ ដើម្បីស្តាប់នូវមតិយោបល់ សំណូមពរផ្សេងៗ និងដាក់ចេញនូវវិធានការមុតស្រួចនិងជាក់ស្តែងមួយចំនួន ក្នុងគោលដៅគាំទ្រដល់វិស័យឯកជនដែលជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ច។

ទន្ទឹមគ្នានេះ  ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានអំនាវដល់វិស័យឯកជន និងភាគីពាក់ព័ន្ធនៅកម្ពុជាទាំងអស់ ចូលរួមឱ្យបានផុសផុលនៅក្នុងវេទិកានេះ ដើម្បីជាយន្តការដោះស្រាយបញ្ហាប្រឈមលើវិស័យឯកជននៅកម្ពុជាឱ្យកាន់តែប្រសើរឡើង ខណៈឯកឧត្តមក៏បានប្រគល់ភារកិច្ចឱ្យ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអ្នកសម្របសម្រួលជាមួយក្រសួងស្ថាប័ន វិស័យឯកជន និងភាគីពាក់ព័ន្ធ ដើម្បីដំណើរការរៀបចំវេទិកានេះ។

គួរបញ្ជាក់ដែរថា គប្រជុំលើកដំបូង នៃគណៈរដ្ឋមន្ត្រី នីតិកាលទី ៧ នេះ គឺបានពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ចំនួន៥ រួមមាន៖១.ការប្រកាសឲ្យអនុវត្តនូវ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១»។ ២.ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការកែសម្រួលឈ្មោះ “ក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច» ទៅជា «ក្រសួងអធិការកិច្ច»។ ៣.ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើត “រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន »។ ៤.ការណែនាំរបស់នាយករដ្ឋមន្ត្រី អំពីរបៀបរបបការងារ និងកិច្ចដំណើរការនៃគណៈរដ្ឋមន្ត្រី។ និង៥.បញ្ហាផ្សេងៗ៕

អត្ថបទ៖ ពិសី