រាជរដ្ឋាភិបាល សម្រេចកែសម្រួលឈ្មោះក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ទៅជា ក្រសួងអធិការកិច្ច វិញ

សង្គម​និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា សម្រេចកែសម្រួលឈ្មោះក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ទៅជា ក្រសួងអធិការកិច្ច វិញ ខណៈក្រសួងនេះមានអាយុ ២៤ឆ្នាំ ពោលគឺបង្កើតឡើង​ឆ្នាំ១៩៩៩មកម្លេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការកែសម្រួលឈ្មោះក្រសួងអធិការកិច្ចនេះធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងនៃរាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ នាវិមានសន្តិភាព។

បើតាមសេចក្តីប្រកាសព័ត៌មានលទ្ធផលស្តីពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីលើកដំបូងអាណត្តិទី៧នេះ រាជរដ្ឋាភិបាល​បាន​បង្កើតក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច កាលពីឆ្នាំ១៩៩៩ ក្នុងគោលបំណងលើកកម្ពស់​និងពង្រឹងអភិបាលកិច្ច ដើម្បីធានាប្រសិទ្ធភាព សុចរិតភាព មនសិការវិជ្ជាជីវៈ វិន័យការងារ និង​ភាព​ស្អាតស្អំរបស់រដ្ឋបាលសាធារណៈ ព្រមទាំងបានចូលរួមចំណែកទប់ស្កាត់ ប្រយុទ្ធប្រឆាំង កាត់​បន្ថយ និងឈានទៅលុបបំបាត់អំពើពុករលួយ។

សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា យោងតាមសាវ​តា​រ​​លើវិស័យអធិការកិច្ច និងភាពចាំបាច់របស់រាជរដ្ឋាភិបាលក្នុងការប្រគល់ តួនាទីភារកិច្ចលើ​វិស័យ​ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភាជូនស្ថាប័ននានា ការប្តូរឈ្មោះក្រសួងជា «ក្រសួង​អធិ​ការកិច្ច» ពិតជាឆ្លើយតបនឹង (១) កម្មវិធីនយោបាយ​របស់រាជ​រដ្ឋា​ភិបាលអាណត្តិទី៧ និង​យុទ្ធ​សាស្ត្របញ្ចកោណ-ដំណាក់កាលទី១, (២) ស្មារតីនៃកិច្ចប្រជុំដែលបានប្រព្រឹត្តទៅនៅ ឧត្តម​ក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣, និង (៣) បំណង​ប្រាថ្នា​របស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការ​កិច្ច។

សូមជម្រាបជូនថា ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច កាលអាណត្តិមុនៗមានសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីនៃក្រសួងនេះ ខណៈអាណត្តិទី៧នេះ រដ្ឋសភាសម្រេចផ្តល់សេចក្តីទុកចិត្តឲ្យលោក ហួត ហាក់ ជារដ្ឋមន្រ្តីបន្តពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៕