ទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំដោយរក្សានូវអត្រាមានការងារធ្វើខ្ពស់ប្រមាណជា ៩៩% នៃកម្លាំងពលកម្មសរុប

សង្គម​និង​សេដ្ឋកិច្ច

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា ទីផ្សារការងារនៅកម្ពុជានាពេលបច្ចុប្បន្ននេះបានរក្សានៅជំហរដ៏រឹងមាំនិងរក្សាបាននូវអត្រាមានការងារធ្វើយ៉ាងខ្ពស់ ប្រមាណជា៩៩% នៃកម្លាំងពលកម្មសរុបជាង១០,៨លាននាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពេលឡើងរាយការណ៍ពីវឌ្ឍនភាពការងារ ជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីក្នុងឱកាសមានជំនួបជាមួយកម្មករ កម្មការិនី និយោជិត រោងចក្រ សហគ្រាសជិត ២ម៉ឺននាក់ ជាលើកដំបូង នៅខណ្ឌពោធ៍សែនជ័យ នាព្រឹកថ្ងៃទី២៩ ខែសីហានេះ លោក ហេង សួរ បានឲ្យដឹងថា ជាង ២ទស្សវត្សមកនេះ សេដ្ឋកិច្ចកម្ពុជាបានកើនឡើងជាមធ្យមក្នុងអត្រា៧% ដែលគ្រាន់តែរាជធានីភ្នំពេញមួយ មានរោងចក្រ សហគ្រាស ចំនួន ៩ ៣២៣ មានកម្មករនិយោជិតប្រមាណជាង ៦៦ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណជាង ២ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ក្នុងនោះរោងចក្រ សហគ្រាស វិស័យកាត់ដេរចំនួន ៧៣៤ មានកម្មករនិយោជិតសរុបជិតប្រមាណជាង ៣៤ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណជាង ១ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។

លោកថា ទន្ទឹមនឹងការរក្សាបាននៅជំហរដ៏រឹងមាំនៅទីផ្សារការងារនេះ សម្រាប់ជីវភាពរបស់ប្រជាពលរដ្ឋក៏មានលក្ខណៈល្អប្រសើរផងដែរ ដោយក្នុងប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតបានកើនពី ៤០ដុល្លារ នៅឆ្នាំ១៩៩៧ ដល់ ២០០ដុល្លារ ក្នុងឆ្នាំ២០២៣។

ទាក់ទិននឹងប្រាក់ឈ្នួលកម្មករ កម្មការិនីនេះដែរ ឯកឧត្តមនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមារៀបចំកិច្ចប្រជុំពិភាក្សាប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៤ និងបានណែនាំក្រសួងឱ្យយកចិត្តទុកដាក់ក្នុងការសម្របសម្រួលការពិភាក្សាឱ្យរលូននិងបានល្អ ជាពិសេសឱ្យបានចេញជាលទ្ធផលនៅមុនពេលបុណ្យភ្ជុំបិណ្ឌផងដែរ។

បន្ថែមទៀតនោះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានប្រគល់ភារកិច្ចដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបង្កើតឱ្យមានការប្រកួតប្រជែងលើប្រធានបទ សុខុមាលភាពកន្លែងការងារសម្រាប់បងប្អូនកម្មករនិយោជិតចាប់ពីឆ្នាំ ២០២៤ តទៅ៕