រដ្ឋមន្រ្តី ស សុខា ឲ្យពិនិត្យតម្លៃធ្វើលិខិតឆ្លងដែនឡើងវិញ ខណៈកម្ពុជាថ្លៃជាងគេក្នុងតំបន់

សង្គម​និង​សេដ្ឋកិច្ច

ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ នាថ្ងៃទី០៤ ខែកញ្ញានេះ លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យពិនិត្យឡើងវិញចំពោះតម្លៃធ្វើលិខិតឆ្លងដែន (ប៉ាស្ព័រ) ខណៈកម្ពុជាហាក់មានតម្លៃខ្ពស់ជាងគេ បើធៀបជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកថ្លែងថា៖ «បន្ដពិនិត្យឡើងវិញ នូវតម្លៃការធ្វើលិខិតឆ្លងដែន ជាពិសេសពិនិត្យនៅប្រទេស ក្នុងតំបន់អាស៊ានរបស់យើង ដូចជា ភូមិមា វៀតណាម មានតម្លៃទាប ។ មួយទៀត ប្រទេសថៃ ប្រទេសសិង្ហបុរី លើសមធ្យមតិចតួច។ ប៉ុន្ដែចំណែកកម្ពុជារបស់យើង តម្លៃហាក់ដូចមានភាពខ្ពស់ សូមឲ្យអង្គភាពពាក់ព័ន្ធ ពិនិត្យពិចារណា ហើយការងារនេះយើងដឹងទាំងអស់គ្នាថា មិនក្រោម ១០០ដុល្លារទេ»។

ជាមួយគ្នានោះ លោក ស សុខា ក៏បានប្រាប់មន្ដ្រីក្រោមឱវាទធ្វើយ៉ាងណាផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ កុំឲ្យពីមួយអាណត្តិទៅមួយអាណត្តិ ការធ្វើលិខិតឆ្លងដែនមានការឡើងថ្លៃរហូត។

សូមបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជា បន្តជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានលិខិតឆ្លងដែនថ្លៃជាងគេ នៅក្នុងតំបន់អាស៊ាន ដូចជា(នៅប្រទេថៃតម្លៃលិខិតឆ្លងដែនគឺ ៣០ដុល្លារ វៀតណាម ១២ដុល្លារ ឡាវ ៣៥ដុល្លារ។ ប្រជាពលរដ្ឋមួយចំនួន ក៏តែងតែត្អូញត្អែរថា ការធ្វើលិខិតឆ្លងដែនមានតម្លៃថ្លៃពេកដែរ។

យោងតាមសេចក្តីសម្រេចរួមរបស់ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តម្លៃលិខិតឆ្លងដែនសេវាធម្មតាមានតម្លៃ ១០០ដុល្លារ ត្រូវរង់ចាំរយៈពេល ១៥ថ្ងៃ, សេវាឆាប់រហ័សកម្រិតមធ្យមមានតម្លៃ ១៥០ដុល្លារ ត្រូវរង់ចាំរយៈពេល៧ថ្ងៃ និងសេវាឆាប់រហ័សកម្រិតខ្ពស់មានតម្លៃ ២០០ដុល្លារ រង់ចាំរយៈពេល១ថ្ងៃ នៃថ្ងៃធ្វើការ៕