កម្ពុជា-ព្រុយណេ ប្តេជ្ញានឹងបង្កើនកិច្ចសហប្រតិបត្តិលើវិស័យអាទិភាពចំនួន៤

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា- ព្រុយណេ ប្តេជ្ញានឹងបង្កើនកិច្ចសហប្រតិបត្តិលើវិស័យអាទិភាពធំៗចំនួន៤ រួមមាន៖ វិស័យការពារជាតិ សន្តិសុខ អប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស និងវិស័យកសិកម្ម។ការប្តេជ្ញានេះ ត្រូវបានធ្វើឡើងនៅក្នុងពេលសម្តែងការគួរសមរវាង សម្តេច ហ៊ុន ម៉ាណែត ជាមួយ ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម  នៅទីក្រុងហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី កាលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេច​ ហ៊ុន ម៉ាណែត បានបង្ហាញនូវការស្វាគមន៍ចំពោះជំនួបនេះ និងបានលើកឡើងអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និង ព្រុយណេ ជាពិសេស ក្នុងទិដ្ឋភាព នៃវិស័យការពារជាតិ ដែលសម្តេច បានធ្វើទស្សនកិច្ចមកកាន់ព្រុយណេ កាលនៅជាមេបញ្ជាការកងទ័ពជើងគោក។

ជាកិច្ចឆ្លើយតប ព្រះចៅស៊ុលតង់ បានសម្តែងនូវអំណរគុណជូនចំពោះ សម្តេច ហ៊ុន ម៉ាណែត និង បានរំលឹកអំពីមិត្តភាពដ៏ជិតស្និទ្ធរវាង ព្រះចៅស៊ុលតង់ និង សម្តេចតេជោ ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

ជាលទ្ធផលនៃជំនួបនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បានប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជា -ព្រុយណេ ដែលផ្តោតជាពិសេសទៅលើវិស័យការពារជាតិ, សន្តិសុខ, អប់រំ និង បណ្តុះបណ្តាលធនធានមនុស្ស, កសិកម្ម ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានឯកភាព ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន, ការផ្សារភ្ជាប់វិស័យឯកជន តាមរយៈសភាពាណិជ្ជកម្ម, និងការគាំទ្រអនុវត្តយន្តការសន្ទនាទ្វេភាគីរវាងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរផងដែរ។

គួរបញ្ជាក់ដែរថា តាមរយៈជំនួបនេះ ព្រះចៅស៊ុលតង់ ក៏បានអញ្ជើញ សម្តេច ហ៊ុន ម៉ាណែត មកបំពេញទស្សនកិច្ចផ្លូវការនៅព្រុយណេ នាពេលខាងមុខនេះ  ខណៈសម្តេច ហ៊ុន ម៉ាណែត បានឆ្លើយតបដោយវិជ្ជមានចំពោះការអញ្ជើញនេះ និងបានអញ្ជើញ ព្រះចៅស៊ុលតង់ មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាវិញផងដែរ នាថ្ងៃអនាគតថែមទៀត៕

អត្ថបទ៖​ពិសី