បណ្ឌិត ហុង វណ្ណៈ៖ យើងមិនគួរយកប្រាក់ចំណេញពីការធ្វើលិខិតឆ្លងដែនពីពលរដ្ឋខ្មែរឬកម្មករ-កម្មការិនីច្រើននោះទេ

សង្គម​និង​សេដ្ឋកិច្ច

ស្របពេល លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យពិនិត្យឡើងវិញចំពោះតម្លៃធ្វើលិខិតឆ្លងដែន លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ថាមិនគួរយកប្រាក់ចំណេញពីការធ្វើលិខិតឆ្លងដែនពីប្រជាពលរដ្ឋខ្មែរឬកម្មករ កម្មការិនីច្រើនពេកនោះទេ ព្រោះរាជរដ្ឋាភិបាលខិតខំផ្តល់សេវាល្អក៏ដើម្បីបម្រើប្រជាពលរដ្ឋរបស់ខ្លួនដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបណ្ឌិត ហុង វណ្ណៈ មានប្រសាសន៍ថាការធ្វើលិខិតឆ្លងដែនយកតម្លៃធូរថ្លៃ ខ្ញុំយល់ឃើញថានេះជារួមចំណែកដល់បន្ទុករបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេសកម្មករខ្មែរដែលចេញទៅធ្វើការនៅក្រៅប្រទេស ។ដូចនេះពេលខ្លះយើងមិនគួរយកប្រាក់ចំណេញពីការធ្វើលិខិតឆ្លងដែនពីប្រជាពលរដ្ឋខ្មែរច្រើនពេកដែរ ព្រោះរាជរដ្ឋាភិបាលខិតខំធ្វើផ្តល់សេវាល្អ ក៏ដើម្បីបម្រើប្រជាពលរដ្ឋខ្មែរដែរ។

បើតាមលោកបណ្ឌិត ហុង វណ្ណៈ ពាក់ព័ន្ធនិងតម្លៃនៃការធ្វើលិខិតឆ្លងដែន សម្រាប់ប្រជាពលរដ្ឋដែលមានបំណងដើរកម្សាន្តគេមិនសូវគិតទៅលើរឿងតម្លៃនេះប៉ុន្មានទេ ព្រោះគេមានលទ្ធភាពនិងមានតម្រូវការ។ក៏ប៉ុន្តែប្រជាពលរដ្ឋខ្មែរមួយចំនួនមានលទ្ធភាពហើយនៅតែគិតអំពីតម្លៃលិខិតឆ្លងដែនធ្វើនៅក្នុងស្រុក ធៀបទៅជាមួយប្រទេសនៅជុំវិញកម្ពុជា។

លោកណ្ឌិតបន្តថា«ដូចនេះបើសិនយើងអាចយកតម្លៃធ្វើលិខិតឆ្លងដែនពីប្រជាពលរដ្ឋខ្លួនឯង ក្នុងតម្លៃត្រដំាត្រសងដោយធៀបទៅនិងជាមួយប្រទេសជិតខាងអាចយកបានក៏យកទៅ។បើសិនកម្មករ-កម្មការិនីពេលគាត់ចេញទៅធ្វើការខាងក្រៅប្រទេសគាត់អាចផ្ញើរប្រាក់ចំណូលទៅគ្រួសាររបស់គាត់ គាត់ក៏បានចូលរួមជំរុញសកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេសក៏បានច្រើនដែរ។ដូចនេះសូមកុំមើលព្រៃតែមួយដើម យើងត្រូវមើលព្រៃទំាងមូល ហើយមើលឱ្យបានវែងឆ្ងាយ ថាមានផលប្រយោជន៍សម្រាប់ការផ្តល់តម្លៃទិដ្ឋិការធូរថ្លៃដល់ពលរដ្ឋ»។

លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៤ខែ កញ្ញាឆ្នំា២០២៣កន្លងមកនេះ បានណែនាំឱ្យពិនិត្យឡើងវិញចំពោះតម្លៃធ្វើលិខិតឆ្លងដែនឬហៅថាប៉ាស្ព័រ។ លោកឧបនាយករដ្ឋមន្ដ្រីស សង្កត់ធ្ងន់ថា«បន្ដពិនិត្យឡើងវិញ នូវតម្លៃការធ្វើលិខិតឆ្លងដែន ជាពិសេសពិនិត្យនៅប្រទេស ក្នុងតំបន់អាស៊ានរបស់យើង ដូចជា ភូមិមា វៀតណាម មានតម្លៃទាប ។ ប្រទេសថៃ ប្រទេសសិង្ហបុរី លើសមធ្យមតិចតួច។ ប៉ុន្ដែចំណែកកម្ពុជា តម្លៃហាក់ដូចមានភាពខ្ពស់ សូមឱ្យអង្គភាពពាក់ព័ន្ធ ពិនិត្យពិចារណា ហើយការងារនេះយើងដឹងទាំងអស់គ្នាថា មិនក្រោម ១០០ដុល្លារទេ»។

សូមបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជា បន្តជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានលិខិតឆ្លងដែនថ្លៃជាងគេ នៅក្នុងតំបន់អាស៊ាន ដូចជា(នៅប្រទេថៃតម្លៃលិខិតឆ្លងដែនគឺ ៣០ដុល្លារ វៀតណាម ១២ដុល្លារ ឡាវ ៣៥ដុល្លារ។ ប្រជាពលរដ្ឋមួយចំនួន ក៏តែងតែត្អូញត្អែរថា ការធ្វើលិខិតឆ្លងដែនមានតម្លៃថ្លៃពេកដែរ។

យោងតាមសេចក្តីសម្រេចរួមរបស់ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តម្លៃលិខិតឆ្លងដែនសេវាធម្មតាមានតម្លៃ ១០០ដុល្លារ ត្រូវរង់ចាំរយៈពេល ១៥ថ្ងៃ, សេវាឆាប់រហ័សកម្រិតមធ្យមមានតម្លៃ ១៥០ដុល្លារ ត្រូវរង់ចាំរយៈពេល៧ថ្ងៃ និងសេវាឆាប់រហ័សកម្រិតខ្ពស់មានតម្លៃ ២០០ដុល្លារ រង់ចាំរយៈពេល១ថ្ងៃ នៃថ្ងៃធ្វើការ៕អត្ថបទ៖សារេត