សហជីព៖ កម្មករមានជំនាញវិជ្ជាជីៈច្បាស់លាស់អាចទទួលបានចំណូលល្អប្រសើរសម្រាប់ការផ្គត់ផ្គង់ជីវភាពគ្រួសារ

សង្គម​និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី្តបាន ផ្តល់អនុសាសន៍ដល់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេសប្រមាណ ១,៥លាននាក់ និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធអនុញ្ញាតឱ្យបងប្អូនកម្មករនិយោជិត អាចចូលរៀនជំនាញវិជ្ជាជីវៈផងដែរ ដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាពការងារនៅកន្លែងការងារ ដោយត្រូវរៀបចំវគ្គបណ្តុះបណ្តាលនៅវេនពេលយប់ ឬចុងសប្តាហ៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពាក់ព័ន្ធនិងការបណ្តុះបណ្តាលខាងលើនេះ ត្រូវបានខាងសហជីពដែលធ្វើការស្និតជាមួយកម្មករសម្តែងការគាំទ្រនិងអំពាវនាវដល់កម្មត្រៀមខ្លួនចូលរៀនជំនាញដើម្បីទទួលបានប្រាក់កម្រៃខ្ពស់។លោក ឈិន សូនី ប្រធានសហព័ន្ឋសហជីពការងារសេវាកម្មកម្ពុជាយល់ឃើញថា នេះជាឱកាសល្អដែលរាជរដ្ឋាភិបាលបានបង្កើតគោលនយោបាយបណ្តុះបណ្តាលបណ្តាលនេះ។

លោក ឈិន សូនី មានប្រសាសន៍ថា «ក្នុងនាមជាសហជីពនៅស្និតជាមួយបងប្អូនកម្មករ នឹងចូលរួមសហការជាមួយសាលា និងក្រសួងការងារ ដោយយើងផ្សព្វផ្សាយពីផលប្រយោជន៍ពីការរៀនជំនាញ និង ពន្យល់ពីផលចំណេញពីការរៀននិងឱ្យគាត់ចូលរួមដើម្បីឱ្យទៅថ្ងៃអនាគតទៅប្រទេសកម្ពុជាមានកម្មករជំនាញ»។

ប្រធានសហជីពការងារស្រ្តីកម្ពុជា លោកស្រី សៀ គន្ឋា មានប្រសាសន៍ថា «កម្មករត្រូវយល់អ្វីដែលជារឿងថ្មី សម្រាប់ចំណេះដឹង បច្ចេកទេសវិជ្ជាជីវៈផ្សេងៗ គួរតែចាប់ឱកាស។ ព្រោះយើងអាចទទួលនូវភាពជោគជ័យ ទាល់តែយើងចេះចាប់ឱកាសសាលា និង គ្រូមានហើយអីចឹងមានតែបងប្អូនត្រូវចេះផ្លាស់ប្តូរគំនិត និង ព្យាយាម ស្វែងរកចំណេះដឹងថ្មីៗដើម្បីអភិវឌ្ឍន៍មុខរបររបស់យើងឱ្យបានរីកចំរើនដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ»។

បើតាមប្រធានសហជីពការងារស្រ្តីកម្ពុជា ពេលកម្មករមានជំនាញវិជ្ជាជីៈច្បាស់លាស់ ពួកគេនឹងអាចនូវទទួលបានចំណូលល្អប្រសើរសម្រាប់ការផ្គត់ផ្គង់ជីវភាពគ្រួសារ ព្រោះការមានជំនាញច្បាស់លាស់នេះ គឺជាទន់មួយនៅពេលពួកគេជូបហានិភ័យក៏គាត់មានចំណេះជំនាញអាចរកចំណូលផ្គត់ផ្គង់បានផងដែរ។

លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ មានប្រសាសន៍ថា ការបណ្តុះបណ្តាលផ្នែកវិជ្ជាជីវៈនេះ នឹងធ្វើឱ្យកម្មករមានចំណេះការងារពិតប្រាកដសម្រាប់ការបើកអាជីវកម្មថែមទៀតផងប្រសិនបើសិក្សាលើជំនាញមួយចំនួនដូចជាជួសជុល ម៉ូតូ ឡាន ឬជំនាញផ្សេងៗទៀតដែលអាចរកចំណូលបានខ្លួនឯង។ លោកសង្កត់ធ្ងន់ថា « សព្វថ្ងៃបើនិយាយពីវិស័យកាត់ដេរ ខ្ញុំមើលឃើញថា ភាគច្រើនអ្នកគ្រប់គ្រងជាជនបរទេស ប្រាក់ខែច្រើន គុណនឹងមួយ គុណនឹងពីរ គុណនឹងបី តែប្រសិនបើជាយើងចេះជំនាញច្បាស់លាស់យើងនឹងប្រាក់ចំណូលខ្ពស់ដូចពួកគេ»។

សូមបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលបច្ចេកទេសលើយុវជនប្រមាណ១.៥នាក់ដែលរួមមានទាំងកម្មករនេះ គឺជាចំណុចមួយក្នុងចំណោមអនុសាសន៍ចំនួន៥ផ្សេងទៀតដែលរដ្ឋាភិបាលបានដាក់ចេញដើម្បីធ្វើឱ្យប្រសើរឡើងនៃវិស័យកាត់ដេរជាពិសេសភាពប្រសើរឡើងនៃលក្ខខណ្ឌការងាររបស់កម្មករនិងការបង្កើនលទ្ធភាពការងារក្នុងគោលដៅធ្វើឱ្យប្រសើរឡើងជាលំដាប់នូវជីវភាពរបស់ប្រជាពលរដ្ឋដែលមកពីគ្រួសារងាយរងគ្រោះដែលក្នុងនោះមានកម្មករផងដែរ៕ អត្ថបទ៖សារេត