កម្ពុជា-ចិន នឹងចុះកិច្ចព្រមព្រៀងលើ៦ចំនុចធំៗ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគគ្រប់ជ្រុងជ្រោយ

សង្គម​និង​សេដ្ឋកិច្ច

នាពេលដ៏ខ្លីខាងមុខនេះ កម្ពុជា-ចិន នឹងចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាចំនួន ៦បន្ថែមទៀត ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគគ្រប់ជ្រុងជ្រោយ។នេះបើយោងតាមជំនួបសម្តែងការគួរសមរវាង លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយលោកស្រី ចុង ជី ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មអមស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិននៅកម្ពុជា កាលរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងជំនួបនោះ លោកស្រី ចុង ជី បានសម្តែងការកោតសរសើរពីការរីកចម្រើនលើគ្រប់វិស័យនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាក្រោមការដឹកនាំរបស់គណៈបក្សប្រជាជនកម្ពុជា ខណៈលោកស្រី ក៏បានអបអរសាទរយ៉ាងក្លៀវក្លាបំផុតចំពោះជ័យជម្នះជាប្រវត្តិសាស្ត្រក្នុងការបោះឆ្នោតកាលពីខែកក្កដាឆ្នាំ២០២៣កន្លងទៅ ដែលដឹកនាំដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ លោកស្រី បានជំនឿថា ការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី នឹងជួយឱ្យការអភិវឌ្ឍសេដ្ឋកិច្ចកាន់តែរីកចម្រើនទៅមុខ។

ទន្ទឹមគ្នានេះ លោក ជា វុទ្ធី ក៏បានស្វាគមន៍ចំពោះលោកស្រីដែលមកបំពេញភារកិច្ចក្នុងតួនាទីដ៏សំខាន់ ខណៈលោកក៏សង្ឃឹមថាកិច្ចសហប្រតិបត្តិការវិនិយោគកម្ពុជា-ចិន នឹងសម្រេចបានផ្លែផ្កាល្អបន្ថែមទៀត។បន្ថែមពីនេះ លោកបានសង្កត់ធ្ងន់លើការរួមគ្នាអនុវត្តអនុស្សារណៈយោគយល់គ្នាដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជ- កម្មចិន បានចុះហត្ថលេខាកន្លងមកដើម្បីបង្កើតយន្តការពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគនិងសេដ្ឋកិច្ច។

ចំពោះមុខ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមិត្តចិន លោកអះអាងដែរថា៖«តាមរយៈគណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់និងក្រសួងពាណិជ្ជកម្ម នឹងចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាចំនួន ៦បន្ថែមទៀត ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគគ្រប់ជ្រុងជ្រោយដែលមានវិសាលភាពគ្របដណ្តប់លើការជំរុញវិនិយោគក្នុងវិស័យឌីជីថល, ឧស្សាហូបនីយកម្មប្រភេទថ្មី, ការអភិវឌ្ឍបៃតង និងការកសាងរបៀងអភិវឌ្ឍន៍ឧស្សាហកម្ម»។

តាមរយៈជំនួបខាងលើភាគីកម្ពុជា-ចិន បានបញ្ជាក់ថា អនុស្សារណៈយោគយល់គ្នាទាំង ៦ ដែលត្រូវចុះហត្ថលេខានាពេលខាងមុខ គឺជាកាតាលីករដ៏ស័ក្តិសិទ្ធិក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគឱ្យភ្លឺថ្លាដូចត្បូងពេជ្រ ស្របជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏មោះមុត និងឈ្លាសវៃរបស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមគ្នានេះ ភាគីចិន នៅតែធ្វើការគាំទ្រចំពោះការប្រឹងប្រែងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា ហើយសន្យាថានឹងខិតខំណែនាំឱ្យវិនិយោគិនចិនធ្វើការឱ្យបានស្អិតរមួតជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា សំដៅបណ្តាក់ទុនវិនិយោគបន្ថែមទៀតលើគ្រប់វិស័យដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព៕

អត្ថបទ៖ ពិសី