CDC អនុម័តគម្រោងអភិវឌ្ឍន៍អនុស្ថានីយ៍ និងខ្សែបញ្ជូន ពីខេត្តកំពង់ចាម ទៅក្រចេះ ក្នុងតម្លៃជាង៩២លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តជាផ្លូវការនូវគម្រោងអភិវឌ្ឍន៍អនុស្ថានីយ៍ និងខ្សែបញ្ជូនថាមពលអគ្គិសនី ពីខេត្តកំពង់ចាម ទៅខេត្តក្រចេះ ក្នុងទុនវិនិយោគប្រមាណ ៩២,២លានដុល្លារអាម៉េរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន«CAMBODIAN TRANSMISSION II CO., LTD”។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ក្រុមហ៊ុនខាងលើ នឹងត្រូវអនុវត្តគម្រោងអភិវឌ្ឍន៍អនុស្ថានីយ៍ និងខ្សែបញ្ជូនថាមពលអគ្គិសនី តង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ពីខេត្តកំពង់ចាម ទៅខេត្តក្រចេះ ក្នុងទុនវិនិយោគប្រមាណ ៩២,២លានដុល្លារអាម៉េរិក។ គម្រោងនេះ នឹងអាចមានលទ្ធភាពជួយបង្កើតការងារជូនប្រជាពលរដ្ឋបានចំនួន ៤៦៤កន្លែងផងដែរ។

គួរបញ្ជាក់ដែរថា យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីដើមខែកក្កដា បានបង្ហាញដែរថា បើគិតត្រឹមឆមាសទី១ ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្ម ចំនួន ១១៣គម្រោង ដែលមានទុនវិនិយោគប្រមាណ​ ១.១០៥ លានដុល្លារ៕​

អត្ថបទ៖ ពិសី