កិច្ចប្រជុំនៅថ្ងៃទី១១ខែកញ្ញានេះមិនទទួលបានលទ្ធផលទំាងភាគីខាងនិយោជិតនិងខាងនិយោជក

សង្គម​និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានបន្តកិច្ចប្រជុំរបស់ខ្លួនកាលពីម៉ោង៩ព្រឹកដល់ម៉ោងជាង១២រសៀល ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នំា២០២៤។ ប៉ុន្តែកិច្ចប្រជុំនេះមិនទទួលបានលទ្ធផលនោះឡើយវាងភាគទំាងពីរ ពោលខាងតំណាងនិយោជិតបន្តរក្សាតួលលេខ២១៥ដុល្លារអាមេរិកនិងខាងភាគីនិយោជករក្សាតួលេខ២០១ដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានបង្ហាញនៅថ្ងៃទី១១ខែកញ្ញានេះថាគិតត្រឹមថ្ងៃនេះ កិច្ចប្រជុំពិភាក្សាចរចារកំណត់ប្រាក់ឈ្នួលអប្បបរមា សរុបមានចំនួន១៥លើក ដែលរួមមានកិច្ចប្រជុំជាលក្ខណៈទ្វេភាគី និងត្រីភាគីចំនួន៩លើក និងកិច្ចប្រជុំផ្ទៃក្នុងរបស់ភាគីនីមួយៗចំនួន៦លើក។ក្នុងនោះថ្ងៃទី១១ខែកញ្ញាឆ្នំា២០២៣នេះ មានកិច្ចពិភាក្សាចំនួន៥លើកផ្សេងគ្នា ដោយមានកិច្ចប្រជុំផ្ទៃក្នុងភាគីនីមួយៗចំនួន៣លើក និងកិច្ចប្រជុំត្រីភាគីចំនួន២លើក។

ភាគីទំាងពីរបានបន្តពន្យល់គ្នាទៅវិញទៅមកលើគោលជំហររបស់ខ្លួន ប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំ ហើយជាមួយគ្នានេះ តំណាងភាគីរាជរដ្ឋាភិបាលបានបន្តសម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែម ពាក់ព័ន្ធនឹងលក្ខណៈវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចជូនតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក។

តាមសចក្តីប្រកាសព័ត៌មានដដែលគូសបញ្ជាក់ថា«ជាលទ្ធផលតំណាងភាគីកម្មករនិយោជិតបន្តរក្សាតួលេខចំនួន២១៥ដុល្លារអាមេរិក និងតំណាងភាគីនិយោជក បានបន្តរក្សាតួលេខចំនួន២០១ដុល្លារអាមេរិក។អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាបន្តទៀតនៅថ្ងៃទី១៨ខែកញ្ញាឆ្នំា២០២៣នៅម៉ោង៩ព្រឹកនិងខិតខំបញ្ចប់កិច្ចប្រជុំចរចារប្រាក់ឈ្នួលអប្បបរមានៅត្រឹមថ្ងៃទី២៨ខែកញ្ញាឆ្នំា២០២៣»៕ អត្ថបទ៖សារេត