ថ្លែងចេញពីវិមានសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញវិធានការគន្លឹះជួយដល់វិស័យឯកជន

សង្គម​និង​សេដ្ឋកិច្ច

វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ចាប់ផ្តើមហើយនៅព្រឹកថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែក នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយដាក់ចេញវិធានការគន្លឹះមួយចំនួនដើម្បីជួយដល់វិស័យឯកជន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជននៅពេលនេះ មានការអញ្ជើញចូលរួមពីក្រុមការងារទាំង១៤ ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន អង្គទូតននា និងភ្ញៀវកិត្តិសយជាច្រើនរយនាក់ ដោយវិស័យឯកជនមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធានសម្របសម្រួលក្រុមការងារទាំង១៤ ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។

ថ្លែងចេញវិមានសន្តិភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវវិធានការកែទម្រង់គន្លឹះមុតស្រួចមួយចំនួនថែមទៀត ​ដើម្បី ជួយដល់វិស័យឯកជន ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ច។ បន្ថែមលើនេះ សម្តេចធិបតីក៏បានប្រកាសដាក់ចេញកិច្ច​អន្តរាគមន៍​ជាច្រើន​ ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ចនៅកម្ពុជា ​ឆ្លើយតបនឹងវិបត្តិទាំងឡាយ ក៏ដូចជា​រក្សាបានភាពធន់នៃសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។

លោក  ​អូន ព័ន្ធមុនីរ័ត្ន ​ឧបនាយករដ្ឋមន្រ្ដី ​រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានលើកឡើងថា ​ក្នុងដំណើរការនៃការរៀបចំវេទិកា «រាជរដ្ឋាភិបាលផ្នែកឯកជន» លើកទី១៩ នេះ ក្រុមការងាររាជរដ្ឋាភិបាល និងវិស័យឯកជន បាន​ជួបប្រជុំ និងលើកឡើងពីបញ្ហាប្រឈមរបស់វិស័យឯកជនជិត ២០០ បញ្ហាប្រឈម សម្រាប់​រាជរដ្ឋាភិបាល​ពិនិត្យ និង​សម្រេច​ដោះស្រាយ​ក្នុងនោះបញ្ហាប្រឈមភាគច្រើន​ត្រូវបាន​ឯកភាពគ្នាដោះស្រាយរួចរាល់ហើយ។

សម្រាប់បញ្ហាប្រឈម និងកង្វល់​ ដែលនៅសេសសល់ ក៏ដូចជាការគិតគូ សម្របសម្រួល​បន្ថែមសម្រាប់វិស័យ ឯកជន ក្នុងការកាត់បន្ថយថ្លៃប្រកួតប្រជែង ​លើកកម្ពស់ ភាពប្រកួតប្រជែង និងជំរុញ​កំណើនសេដ្ឋកិច្ច សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបាន​ដាក់ចេញនូវវិធានការកែទម្រង់គន្លឹះមុតស្រួចមួយចំនួនថែមទៀត ដើម្បីជួយដល់វិស័យឯកជន។

ថ្លែងក្នុងវេទិកានោះដែរ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងប្រធានសម្របសម្រួលក្រុមការងារទាំង១៤ ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានស្នើសុំដល់រាជរដ្ឋាភិបាលកម្ពុជាចំនួន៣ចំណុច ជាពិសេសប្រព័ន្ធពន្ធដារ និងការបកស្រាយខ្លឹមសារនានា។

សំណើរចំនួន៣ចំណុចដែលអ្នកឧកញ៉ា គិត ម៉េង ស្នើសុំដល់រាជរដ្ឋាភិបាលជួយពិនិត្យសម្រួលដល់វិស័យឯកជនមានជាអាទិ៍ ទី១ ការជួយសម្រួលដល់វិស័យហិរញ្ញវត្ថុដែលកំពុងប្រឈមនៅពេលបច្ចុប្បន្ន, ទី២ បទបញ្ញាតិមួយចំនួនដែលបង្កើតឡើងត្រួតសុីគ្នា ហើយនាំដល់ប៉ះពាល់ដល់វិស័យឯកជន និងទី៣ ការប្រមូលពន្ធដារដែលទាមទារពង្រីកលើគ្រប់វិស័យ និងពន្យល់ខ្លឹមសារឱ្យបានច្បាស់លាស់។

សូមជម្រាបជូនថា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ឆ្នាំ២០២៣ ត្រូវបានចាត់ទុកជាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបើកទូលាយ។ ក្នុងន័យនេះ រាល់សេចក្តីសម្រេចនានារបស់អង្គវេទិកា នឹងមានអានុភាពជាសេចក្ដីសម្រេច​របស់​គណៈរដ្ឋមន្ត្រីផងដែរ៕