ឯកអគ្គរដ្ឋទូតឥណ្ឌា ប្តេជ្ញាជំរុញអ្នកវិនិយោគឥណ្ឌាមកកម្ពុជា ដើម្បីបង្កើតការងារជូនប្រជាជនកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសន្យាថានឹងបន្តទំនាក់ទំនងភាពជាដៃគូជាមួយកម្ពុជាឱ្យកាន់តែខ្លាំងនិងល្អជាងមុនបន្ថែមទៀត ខណៈទូតឥណ្ឌា ក៏បានប្តេជ្ញាជំរុញអ្នកវិនិយោគឥណ្ឌាមកកម្ពុជាដើម្បីបង្កើតការងារជូនប្រជាជនកម្ពុជាផងដែរ។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបរវាងលោកស្រី ជាមួយលោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ កាលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បាន សន្យាថានឹងបន្តទំនាក់ទំនងភាពជាដៃគូឱ្យកាន់តែខ្លាំងនិងល្អជាងមុនបន្ថែមទៀត ជាពិសេសជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការផ្តល់ជាជំនួយលើការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ តាមរយៈបច្ចេកទេស Amrit គឺទឹកស្អាតគ្មានសារជាតិពុលអាសេនិក ការជំរុញអ្នកវិនិយោគឥណ្ឌាមកកម្ពុជាដើម្បីបង្កើតការងារជូនប្រជាជនកម្ពុជា។

ជាងនេះទៀត លោកស្រីថា ក៏នឹងបន្តផ្តល់ការចែករំលែបទពិសោធន៍តាមរយៈការអប់រំបណ្តុះបណ្តាលធនធានមនុស្សលើការងារផ្តល់ឥណទានជូនប្រជាជនជនបទ និងការសហការផ្តល់បទពិសោធន៍ក្នុងការបង្កើតជាភូមិគំរូ ដោយផ្តោតលើសេវាកម្មសាធារណៈឌីជីថលផ្សេងៗផងដែរ ដើម្បីប្រែក្លាយជនបទកម្ពុជាជាសង្គមឌីជីថល និងស៊ីវិល័យ ។

ជាការឆ្លើយតប លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានថ្លែងអំណរគុណចំពោះភាគីឥណ្ឌាដែលតែងតែផ្តល់កិច្ចសហប្រតិបត្ដិការយ៉ាងជិតស្និទ្ធជាមួយកម្ពុជាលើគ្រប់វិស័យ មានវិស័យវប្បធម៌ សាសនា ការអប់រំ បណ្តុះបណ្តាលជំនាញ និងវិស័យអភិវឌ្ឍន៍ជនបទ តាំងពីរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានបន្តជម្រាបជូន លោកជំទាវអគ្គរដ្ឋទូត បន្ថែមទៀតនូវយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត ដែលផ្តោតសំខាន់លើកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

ដោយលោកបន្តថា៖«គន្លឹះអាទិភាពរបស់យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ហេតុនេះ ដើម្បីឱ្យស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះក្រសួងបានរៀបចំកម្មវិធីអាទិភាពរបស់ខ្លួនចំនួន៤ ដូចមាន៖១.អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងគមនាគមន៍,២.កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ,៣. ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និង៤.ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ»។

គួរបញ្ជាក់ដែរថា តាមរយៈជំនួបខាងលើ កម្ពុជា-ឥណ្ឌា ក៏បានប្ដេជ្ញានឹងបន្តខិតខំពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង ជាពិសេសរវាងប្រទេសទាំងពីរ ដើម្បីស្វែងយល់អំពីតម្រូវការរបស់កម្ពុជា លើការងារអភិវឌ្ឍន៍ជនបទ ដើម្បីរដ្ឋាភិបាលឥណ្ឌាជួយសហប្រតិបត្តិការបន្តទៀតផងដែរ៕

អត្ថបទ៖ ពិសី