សម្តេច ហ៊ុន ម៉ាណែត៖ ទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិន ដើម្បីពង្រីកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

សង្គម​និង​សេដ្ឋកិច្ច

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និងលោកស្រី​បណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ កាលព្រឹកថ្ងៃទី១៤​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមតាំងពិព័រណ៍អាស៊ាន-ចិន លើកទី២០ នៅទីក្រុងណាននិង នៃសាធារណរដ្ឋប្រជាមានិតចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនៃទស្សនកិច្ចផ្លូវការនេះ សម្ដេច ហ៊ុន ម៉ាណែត នឹងអញ្ជើញជួបសម្ដែង ការគួរសមដោយឡែកពីគ្នាជាមួយ លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិត ចិន និងលោក ចាវ ឡឺជី ប្រធានសភាតំណាងប្រជាជនចិន។ កិច្ចពិភាក្សានឹងផ្លាស់ប្តូរទស្សនៈលើ ប្រធានបទមួយចំនួន រួមមានការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ការជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ទិសដៅយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន ព្រម ទាំងកិច្ចការតំបន់និងអន្តរជាតិដែលផ្ដល់ផលប្រយោជន៍រួម។

ជាមួយគ្នានេះ សម្ដេច ហ៊ុន ម៉ាណែត ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយ លោក លី ឈាង អំពីកិច្ច សហប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីទាំងពីរក៏នឹងអញ្ជើញធ្វើ ជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួនផងដែរ។

បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមពិព័រណ៍ អាស៊ាន-ចិន លើកទី២០ នៅថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងណាននឹងតំបន់ស្វយ័ត ជនជាតិជាំងក្វាងស៊ី។

ស្របពេលដែលកម្ពុជានិងចិនកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥នៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាព ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋប្រជាមានិត ចិននាពេលខាងមុខ នឹងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះនឹងពង្រីកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ និងជំរុញកិច្ចសហការលើវិស័យជាច្រើនក្នុងវេទិកាតំបន់និងអន្តរជាតិនានា ដែលផ្តល់ ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសនិងប្រជាជនទាំងពីរ។

សូមជម្រាបជូនថា​ ទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិននាពេលនេះ គឺធ្វើឡើងតបតាមការ អញ្ជើញរបស់ លោក លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន​ សម្តេច ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សំខាន់ៗនៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំផ្នែកឯកជនសំខាន់ៗជា ច្រើនរូបរបស់កម្ពុជា​ ដើម្បីបំពេញទស្សនកិច្ច ផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣៕

អត្ថបទ៖​ពិសី