សម្ដេច ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រុមហ៊ុន Pfizer បន្តស្វែងរកឱកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ​បានលើកឡើងថា រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់លើការកសាងភាពជាដៃគូរឹងមាំ រវាងវិស័យសុខាភិបាល។ទន្ទឹមគ្នានេះ សម្តេចលើកទឹកចិត្តឱ្យក្រុមហ៊ុន Pfizer បន្តស្វែងរកឱកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជាលើវិស័យសុខាភិបាលផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការជំរុញរបស់សម្តេចដូច្នេះ ត្រូវបានធ្វើឡើងតាមរយៈជំនួបរវាងសម្តេច ជាមួយលោក ណិក ឡាហ្គូណូវិក (Nick Lagunowich) ប្រធានក្ដាប់រួមសកល ទទួលបន្ទុកផ្នែកទីផ្សារកំពុងអភិវឌ្ឍន៍ នៃក្រុមហ៊ុនហ្វាយហ្ស័រ (Pfizer) និងសហការី កាលពីថ្ងៃទី២៣ ខែកញ្ញា នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

នាឱកាសនោះ សម្ដេច ហ៊ុន ម៉ាណែត បានស្វាគមន៍ និងវាយតម្លៃខ្ពស់ ចំពោះគំនិតផ្ដួចផ្ដើមរបស់ក្រុមហ៊ុន Pfizer ស្ដីពី កិច្ចព្រមព្រៀងដើម្បីសកលលោកមានសុខភាពល្អ (The Accord for a Healthier World) ដែលមានគោលបំណងផ្តល់ឱ្យបានពេញលេញនូវឱសថ និងវ៉ាក់សាំង ដែលក្រុមហ៊ុនទទួលបានសិទ្ធិជាសកលដោយផ្អែកលើគោលការណ៍មូលដ្ឋានមិនស្វែងរកប្រាក់ចំណេញ ទៅឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប នៅលើសកលលោក។

សម្ដេច ក៏បានគូសបញ្ជាក់បន្ថែមថា នៅក្នុងទិសដៅនៃការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋម ការយកចិត្តទុកដាក់ដ៏សំខាន់មួយ ខណៈរាជរដ្ឋាភិបាលក៏យកចិត្តទុកដាក់ផងដែរ លើការកសាងភាពជាដៃគូរឹងមាំ រវាងវិស័យសុខាភិបាលសាធារណៈ និងវិស័យឯកជន ដើម្បីឱ្យប្រជាជនទទួលបាននូវសេវាថែទាំសុខភាពប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។

ក្នុងន័យនេះ សម្ដេច បានបន្តថា៖«សូមលើកទឹកចិត្តឱ្យក្រុមហ៊ុន Pfizer បន្តស្វែងរកឱកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា ព្រមទាំងបន្តជំរុញទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាលរបស់កម្ពុជាផងដែរ»។

ជាការឆ្លើយតប លោក ណិក ឡាហ្គូណូវិក តំណាងក្រុមហ៊ុន Pfizer ក៏បានលើកឡើងពីបំណងរបស់ក្រុមហ៊ុន Pfizer ដែលចង់ស្វែងរកកាលានុវត្តភាពបន្ថែមនៅកម្ពុជា តាមរយៈការជួយគាំទ្រ និងជ្រោមជ្រែងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ខណៈលោកថា ក្រុមហ៊ុនក៏បានស្វែងយល់ថា ក្រុមហ៊ុន Pfizer អាចបំពេញបាននូវការងារមួយចំនួន ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស នៅក្នុងការរួមចំណែកកែលម្អប្រព័ន្ធសុខភាពសាធារណៈនៅកម្ពុជា។

យ៉ាងណាមិញ ក្នុងនាមក្រុមហ៊ុនPfizer លោកបានអះអាងថា នាពេលខាងមុខ ក្រុមហ៊ុនPfizer នឹងបន្តទំនាក់ទំនង ជាមួយភាគីពាក់ព័ន្ធនានា នៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត៕

អត្ថបទ៖ ពិសី