សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវម្ចាស់ផ្ទះជួលទាំងអស់កុំឡើងថ្លៃជួល

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាល ចេញមកអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់ សូមរក្សាថ្លៃជួលដើម្បីរក្សានូវប្រភពចំណូលរបស់ខ្លួនឯងផង ជួយដល់កម្មករនិយោជិតផង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅលើបណ្ដាញសង្គមបានប្រកាសអបអរសាទរជាមួយបងប្អូនកម្មករនិយោជិតវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរដែលទទួលបាននូវប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ២០៤ដុល្លារអាមេរិក ក្នុង ១ខែ។

ទន្ទឹមនឹងការអបអរសាទរដល់បងប្អូនកម្មករនិយោជិត សម្តេចធិបតីនាយករដ្ឋមន្ត្រី សូមអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់ សូមរក្សាថ្លៃជួលដើម្បីរក្សានូវប្រភពចំណូលរបស់ខ្លួនឯងផង ជួយដល់បងប្អូនកម្មករនិយោជិតផង និងជួយរួមចំណែកដល់ការអនុវត្តច្បាប់ស្តីពីភិតិសន្យាពិសេសដែលនៅជាធរមានផង។

សម្តេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងខិតខំតភ្ជាប់បណ្តាញអគ្គិសនី និងបណ្តាញទឹកស្អាតដល់គ្រប់បន្ទប់ជួល ដើម្បីជួយដល់ម្ចាស់ផ្ទះជួល និងជួយដល់បងប្អូនកម្មករនិយោជិតដែលជាអ្នកជួលបន្ទប់។

សូមជម្រាបថា ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ ជូនកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប នឹងកើនដល់២០៤ដុល្លារក្នុងមួយខែ ហើយប្រាក់ឈ្នួលអប្បបរមានេះនឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤តទៅ៕