ពន្ធដារ បញ្ឈប់ឱ្យដំណើរការមុខងារ Pre-Payment ក្នុងប្រព័ន្ធគ្រប់គ្រង បង់ប្រាក់ពន្ធតាមអនឡាញ

សង្គម​និង​សេដ្ឋកិច្ច

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្រេចបញ្ឈប់ឱ្យដំណើរការមុខងារ Pre-Payment ក្នុងប្រព័ន្ធគ្រប់គ្រង បង់ប្រាក់ពន្ធតាមអនឡាញ ដើម្បីផ្តល់ភាពងាយស្រួល។នេះបើយោងតាមចេញសេចក្តីជូនដំណឹង ស្តីពី នីតិវិធីក្នុងការបង់ប្រាក់ពន្ធតាមរបៀបថ្មី ក្នុងប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ (e-Payment System) របស់អគ្គនាយកដ្ឋានពន្ធដារ ដែលផ្សាយចេញនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីជូនដំណឹង អគ្គនាយកដ្ឋានពន្ធដារ បានជម្រាបជូនដល់លោក លោកស្រីជា អភិបាល បណ្ណាធិការ ឬម្ចាស់សហគ្រាស និងធនាគារពាណិជ្ជដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសាធារណជនជ្រាបថា កន្លងមកអគ្គនាយកដ្ឋានពន្ធដារបានបង្កើតឱ្យមានមុខងារ Pre-Paymentដើម្បីឱ្យអ្នកជាប់ពន្ធទាំងអស់អាចបំពេញជាទម្រង់ Pre-Payment ដែលជានីតិវិធីមានច្រើនរំហូរ។

ពន្ធដារបន្តថា៖« ក្នុងគោលបំណងផ្តល់ភាពងាយស្រួល និងស្របតាមទំនើបកម្មនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន អគ្គនាយកដ្ឋានពន្ធដារបាន បង្កើតប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ (e-Paymert System) ដោយពុំចាំបាច់ត្រូវមានមុខងារ Pre-Payment ទៀតឡើយ។ ដូច្នេះអគ្គនាយកដ្ឋានពន្ធដារសម្រេចបញ្ឈប់ឱ្យដំណើរការមុខងារ Pre-Payment ក្នុងប្រព័ន្ធគ្រប់គ្រង បង់ប្រាក់ពន្ធតាមអនឡាញ»។

ក្នុងករណី លោក លោកស្រីជាអភិបាល បណ្ណាធិការ ឬម្ចាស់សហគ្រាសដែលមិនទាន់យល់ច្បាស់ អំពីនីតិវិធីនៃការបង់ប្រាក់ពន្ធតាមអនឡាញ ពន្ធដារ សូមទស្សនាវីដេអូណែនាំ អំពីរបៀបបង់ប្រាក់ពន្ធតាមអនឡាញ តាមរយៈ តំណភ្ជាប់ QR Code ដែលមានក្នុងសេចក្តីជូនដំណឹងនេះ។

បន្ថែមពីនេះ អង្គភាពពន្ធដារ ក៏សូមលោក លោកស្រីជាអភិបាល បណ្ណាធិការ ឬម្ចាស់សហគ្រាស និង ធនាគារពាណិជ្ជដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

យ៉ាងណាមិញ ក្នុងករណីមានចម្ងល់ជុំវិញព័ត៌មាននេះ អង្គភាពពន្ធដារ ក៏សូមឱ្យទាក់ទងទូរស័ព្ទមក GDT Call Center 1277 ឬចូលជជែកសួរក្នុង GDT Le Chat ដែលអាចទាញយកកម្មវិធីទូរស័ព្ទដៃចេញពី App Store សម្រាប់ iOS ឬ Play Store សម្រាប់ Android ឬតាមរយៈ Telegram Channel ព័ត៌មានពន្ធដារកម្ពុជា (https://t.me/gotcambodianews)៕

អត្ថបទ៖ ពិសី