ស្វាយកែវរមៀតនៅរដូវដើមដៃឆ្នាំនេះ ហាក់មានតម្លៃខ្ពស់ ប៉ុន្តែបរិមាណនាំចេញតិចជាងឆ្នាំមុន

សង្គម​និង​សេដ្ឋកិច្ច

ការនាំចេញស្វាយកែវរមៀតទៅកាន់ប្រទេសថៃនៅរដូវដើមដៃ ឆ្នាំ២០២៣នេះ មានការធ្លាក់ចុះជាងរដូវដើមដៃឆ្នាំ ២០២២ ប៉ុន្តែវាមានតម្លៃខ្ពស់ជាងឆ្នាំមុន។នេះបើតាមឈ្មួញម្នាក់នាំចេញស្វាយកែវរមៀតទៅកាន់ប្រទេសថៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ស្បា បារាំង ជាឈ្មួញនាំចេញផ្លែស្វាយកែវរមៀតទៅកាន់ប្រទេសថៃ បានឱ្យដឹងថា ការនាំចេញស្វាយទៅកាន់ប្រទេសថៃនៅរដូវដើមដៃឆ្នាំនេះ អាចនាំចេញបាន១០០តោន ក្នុងមួយថ្ងៃ មានថ្ងៃខ្លះក៏អាចលើសហ្នឹងទៅតាមស្ថានភាពជាក់ស្តែង ហើយបើគិតរយៈពេល៣ខែ មកនេះ បានប្រមាណ៩០០០តោនមកហើយ។លោក បន្តថា បរិមាណនៃការនាំចេញនេះ មានការធ្លាក់ចុះជាងឆ្នាំមុនៗ  ប៉ុន្តែហាក់មានតម្លៃខ្ពស់។

បើតាមលោក ស្បា បារាំង សម្រាប់ស្វាយកែវរមៀតមានបែងចែកជា២ ប្រភេទ មានប្រភេទស្វាយខ្ចប់និងប្រភេទស្វាយខៀវ ដោយស្វាយខៀវក៏បែងចែកជា២ផងដែរ មានស្វាយខ្ចីនិងស្វាយចាស់ (ស្វាយចាស់តម្រូវការទីផ្សារជាងប្រភេទស្វាយខ្ចី ដែលអាចកែច្នៃបានតិច មានតម្រូវការតិច)។ចំពោះស្វាយខៀវមានតម្លៃជាមធ្យមខ្ទង់១៣០០រៀល ទៅ១៤០០រៀល ក្នុងមួយគីឡូក្រាម តែសម្រាប់ជិតព្រំដែនមានតម្លៃចន្លោះ១៤០០រៀល ទៅ១៥០០រៀល ក្នុងមួយគីឡូ។ចំណែកស្វាយខ្ចប់ មានតម្លៃជាមធ្យម១៦០០ទៅ១៧០០រៀលក្នុងមួយគីឡូក្រាម(តម្លៃក្នុងចំការ)។

លោក បានបន្តទៀត ទីផ្សារតម្រូវការស្វាយធំៗរបស់កម្ពុជាមានដូចជា មានប្រទេសថៃ វៀតណាម ក៏មានសាំងហ្គាពួរដែរ តែតិចតួចបំផុត ប៉ុន្តែភាគច្រើនទៅកាន់ប្រទេសថៃ ឬវៀតណាម។

បើតាមឈ្មួញខាងលើរូបនេះ បានគូសបញ្ជាក់ថា ទាក់ទងការនាំចេញមានចំនួនតិចជាងឆ្នាំមុនៗ ដោយសារវិបត្តិសេដ្ឋកិច្ចផង និងលក់មិនសូវដាច់ជាដើម។កាលណាលក់មិនសូវដាច់ ឈ្មួញក៏យកទៅក្នុងបរិមាណតិចដែរ។ហើយម្យ៉ាងកសិករខ្លះ បេះស្វាយនៅខ្ចី តម្រូវការមិនសូវច្រើនដូចស្វាយចាស់ ទើបឈ្មួញទិញក្នុងតម្លៃថោក ឬក្នុងបរិមាណតិចផងដែរ។

យោងតាមរបាការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម រយៈពេល៨ខែក្នុងឆ្នំា២០២៣នេះ ផ្លែស្វាយស្រស់របស់កម្ពុជាបាននាំចេញមានជាង៩,៥ម៉ឺនតោន ពោលធ្លាក់ចុះជាង២១% បើប្រៀបធៀបទៅនិងរយៈពេលដូចគ្នាក្នុងឆ្នំា២០២២។

ពាក់ព័ន្ធនឹងការធ្លាក់ចុះនេះ បើតាមលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទី និងជាអ្នកស្វែងរកទីផ្សារស្វាយកែវរមៀត បានឱ្យដឹងថា ស្វាយកែវរមៀតនៅដើមរដូវក្នុងខែកក្កដា ខែសីហា ឆ្នាំ២០២៣នេះ តម្លៃស្វាយនាំចេញលេខ១មានតម្លៃ២០០០រៀល ប៉ុន្តែឥឡូវនេះមានការធ្លាក់ថ្លៃមកនៅត្រឹម១០០០រៀល ក្នុងមួយគីឡូក្រាម ចំណែកស្វាយរោងចក្រអាចចុះតម្លៃនេះ។

លោកបន្តថា ការធ្លាក់ទិន្នផលនេះវាមិនមែនជារឿងចម្លែកនោះទេ ព្រោះកសិករមួយចំនួនធំបានកាប់ដើមស្វាយចោល ដោយសារទីផ្សារមិនសូវមានស្ថិរភាព។អ្វីដែលជាការបារម្ភនោះ បើសិនទីផ្សារមិនមានស្ថិរភាពទៀត ប្រជាកសិករបានប្តូរគំនិតពីដាំស្វាយកែវរមៀតទៅដាំដំណាំផ្សេង ប៉ុន្តែសម្រាប់លោកតម្លៃ១០០០រៀលនេះ ក៏ជាតម្លៃមួយល្អដែរ ទោះមិនចំណេញច្រើន តែជាតម្លៃមួយល្អអាចទទួលយកបាន។

បើតាមលោក អួន ស៊ីឡុត «បើសិនជាយើងអាចជួយកសិករឱ្យបានលើសពី១០០០រៀលទៀតនោះ គឺជារឿងមួយដែលយើងគួរតែលើកទឹកចិត្ត ហើយសូមឱ្យខាងកសិករគាត់គួរតែនាំគ្នាបែងចែកថ្នាក់ប្រភេទស្វាយនីមួយៗ និងការផលិតឱ្យច្បាស់លាស់ បើសិនចង់បានតម្លៃខ្ពស់ទាល់តែមានគុណភាពផលិតផលខ្ពស់ដែរ»៕