ព្រះមហាក្សត្រ ជឿថា គ្រប់ស្ថាប័នជាតិ នឹងបន្តបំពេញភារកិច្ចរបស់ខ្លួនដោយការទទួលខុសត្រូវខ្ពស់

សង្គម​និង​សេដ្ឋកិច្ច

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្តីរំពឹងយ៉ាងមុតមាំថា គ្រប់ស្ថាប័នជាតិ នឹងបន្តបំពេញភារកិច្ចតាមតួនាទីរបស់ខ្លួនដោយការទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើផលប្រយោជន៍ជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មានព្រះរាជបន្ទូលក្នុងពិធីអបអរសាទរទិវារំលឹក ខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ ព្រះមហាក្សត្រ បានកោតសរសើរដល់ក្រុមប្រឹក្សាធម្មនុញ្ញ គ្រប់អាណត្តិដែលបានខិតខំបំពេញ ភារកិច្ចរបស់ខ្លួន ដើម្បីគុណប្រយោជន៍នៃឯករាជ្យជាតិបូរណភាពទឹក រុងរឿងរបស់ប្រជាជាតិ ខ្មែរ និងស្ថិរភាពសង្គម។

ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលបន្តថា ក្រុមប្រឹក្សាធម្មនុញ្ញ ជាស្ថាប័នតុលាការធម្មនុញ្ញ បានបំពេញតួនាទីដ៏ល្អប្រពៃ និងសុក្រឹតបំផុត ជាអាជ្ញាកណ្ដាលក្នុងការទំនាក់ទំនងរវាងសា្ថប័ន កំពូលៗរបស់ជាតិ ជាអាទិ៍រវាងនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ជាពិសេសនៅពេលបោះឆ្នោតសកល និងអសកលម្តងៗ។

ជាមួយគ្នានេះដែរ ព្រះមហាក្សត្រ មានជំនឿយ៉ាងមុតមាំថា៖« ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ គ្រប់ស្ថាប័ន ជាតិ នឹងបន្តបំពេញភារកិច្ចតាមតួនាទីរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានាដល់កិច្ចអភិវឌ្ឍន៍ប្រជាជាតិយើងឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍជាតិឆ្នាំ២០៣០ និង ឆ្នាំ២០៥០ ក្លាយជាប្រទេសរីកចម្រើនរឹងមាំ ប្រជារាស្ត្រខ្មែរមានជីវភាពធូរធារសម្បូណ៍រុងរឿង រស់ក្នុងសុខសន្តិភាព ស្ថិរភាពជានិច្ចនិរន្តរ៍តទៅ»។

ឆ្លៀតយកឱកាសដ៏ប្រពៃថ្លៃថ្លានេះដែរ ព្រះមហាក្សត្រ ក៏បានសម្តែងនូវការកោតសរសើរ និងដឹង គុណចំពោះបញ្ញវន្ត បញ្ញវន្តីផ្នែកច្បាប់ជាតិ និងអន្តរជាតិគ្រប់រូប ដែលបានខិតខំប្រឹងប្រែង ប្រកបដោយការលះបង់ខ្ពស់ ជួយរៀបចំតាក់តែងសេចក្តីព្រាងនៃរដ្ឋធម្មនុញ្ញជាតិនេះកាលពី ៣០ឆ្នាំមុនផងដែរ៕អត្ថបទ៖ ពិសី