សម្តេចធិបតី ហ៊ុន ម៉ាណែត រំពឹងថា ភាពជាដៃគូរវិនិយោគវាងក្រុមហ៊ុនកម្ពុជា-ចិន នឹងបន្តពង្រីកកាន់តែខ្លាំងថែមទៀត

សង្គម​និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការគាំទ្រចំពោះភាពជាដៃគូរវាងក្រុមហ៊ុន Royal Group របស់កម្ពុជា និង ក្រុមហ៊ុន CNEE របស់ចិន ខណៈសម្តេចធិបតីក៏បានបង្ហាញក្តីភាពជាដៃគូរវិនិយោគវាងក្រុមហ៊ុនកម្ពុជា-ចិនខាងលើនេះ នឹងបន្តពង្រីកកាន់តែខ្លាំងថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ​ បានធ្វើឡើងនាឱកាសជួបសម្តែងការគួរសម រវាងសម្តេចធិបតី ជាមួយលោក ខាង ហ៊ូពាវ (Kang Hubiao) អគ្គនាយកក្រុមហ៊ុន Genertec International Holding Co., Ltd. ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន China National Energy Engineering & Construction Co., Ltd. (CNEE) ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។

ក្នុងជំនួបនេះ លោក ខាង ហ៊ូពាវ បានថែ្លងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្ដមចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូន សម្តេចធិបតី អំពីប្រវត្តិសាវតាររបស់ ក្រុមហ៊ុន Genertec International Holding Co., Ltd. ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៨។

លោកបន្តថា៖« ក្រុមហ៊ុនរបស់លោក បានផ្តោតសំខាន់លើអាជីវកម្មក្នុងវិស័យធំៗចំនួនបី គឺ៖ ផ្នែកផលិតកម្ម, ការវិនិយោគលើវិស័យសុខាភិបាល និងការវិនិយោគក្រៅប្រទេស ដែលក្នុងនោះ ក៏កំពុងមានគម្រោងវិនិយោគលើវិស័យថាមពលវារីអគ្គិសនីនៅក្នុងប្រទេសកម្ពុជាក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Royal Group របស់កម្ពុជា ផងដែរ »។

ជាការឆ្លើយតបវិញ សម្តេចធិបតី បានបង្ហាញនូវក្តីរីករាយចំពោះជំនួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Genertec International Holding Co., Ltd. នាឱកាសថ្ងៃនេះ និងបានសម្តែងនូវការស្វាគមន៍ និងការគាំទ្រចំពោះភាពជាដៃគូរវាងក្រុមហ៊ុន Royal Group របស់កម្ពុជា និង ក្រុមហ៊ុន CNEE របស់ចិន នៅក្នុងគម្រោងវិនិយោគរួមលើវិស័យថាមពល។

បន្ថែមពីនេះ សម្តេចធិបតី ក៏បានបង្ហាញក្តីរំពឹងថា៖« ភាពជាដៃគូរវិនិយោគវាងក្រុមហ៊ុនកម្ពុជា-ចិន នឹងបន្តពង្រីកកាន់តែខ្លាំងថែមទៀត ពិសេសអាចនឹងបន្តពង្រីកការវិយោគទៅលើវិស័យផ្សេងៗទៀត ដែលក្រុមហ៊ុនមានជំនាញ»។

សូមបញ្ជាក់ដែរថា ការចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ (3′ BRF) របស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺនឹងប្រព្រឹត្តពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលាឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង។ តាមរយៈវេទិកាខ្សែក្រវាត់និងផ្លូវនេះ សម្ដេចធិបតី នឹងថ្លែងសុន្ទរកថាគន្លឹះ ស្ដីពី «សេដ្ឋកិច្ចឌីជីថល ជាប្រភពនៃកំណើនថ្មី»។

ជាងនេះ អំឡុងពេលចូលរួមវេទិកានេះ ក្រៅពីជួបបណ្តាអ្នកវិនិយោគនានា សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងជួបពិភាក្សាជាមួយ លោកប្រធានាធិបតី ស៊ី ជីនពីង និងថ្នាក់ដឹកនាំចិនដទៃទៀត ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិ ការក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី ព្រមទាំងមានជំនួបពិភាក្សាដាច់ដោយឡែកពីគ្នា ជាមួយឥស្សរជន បរទេសដទៃទៀតផងដែរ៕ អត្ថបទ៖ ពិសី